(កំពង់ចាម)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ បានប្រគល់ ម៉ាស៉ីនលាងឈាមចំនួន៥គ្រឿង, ទឹកសម្លាប់មេរោគ Sakkin និងឧបករណ៍បរិក្ខារពេទ្យត្រូវបានផ្ដល់ជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
សម្ភារបរិក្ខាពេទ្យ និងម៉ាស៉ីនលាងឈាម ចំនួន៥គ្រឿងនេះ ជាអំណោយរបស់ក្រុមហ៊ុន ឆាយ វ៉ាង ឯ.ក និងក្រុមហ៊ុន អេហ្វ វ៉ាយ ជី ស៉ី (ខេមបូឌា) ឯ.ក ជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម តាមរយៈក្រសួងសុខាភិបាល ដែលមានតម្លៃសរុបជាង១៥ម៉ឺនដុល្លារ។
លោកស្រី ស៉ីវ ស្រីណា នាយិកាក្រុមហ៊ុន អេហ្វ វ៉ាយ ជី ស៉ី (ខេមបូឌា) ឯ.ក បានលើកឡើងថា ចក្ខុវិស័យរបស់ក្រុមហ៊ុនគឺនាំចូល និងផលិតនូវផលិតផលឱសថ និងឧបករណ៏បរិក្ខារពេទ្យដែលមានគុណភាពខ្ពស់ ដើម្បីបម្រើដល់វិស័យសុខាភិបាល។ ក្នុងនោះដែរ Sakkin Water ជាសមិទ្ធផលទីមួយ ដែលទទួលបានសិទ្ធិផលិត និងចែកចាយពីក្រុមហ៊ុនជប៉ុនដែលជាដៃគូរសហការហើយទទួលបានការគាំទ្រខ្លាំងបំផុតនាពេលបច្ចុប្បន្នពីសំណាក់អ្នកប្រើប្រាស់ក្នុងការការពារសុខភាព របស់ពួកគាត់ក្នុងបរិបទនៃជំងឺកូវីដនេះ។
ការគាំទ្ររបស់អតិថិជនជាកម្លាំងជំរុញអោយក្រុមហ៊ុនបន្តខិតខំប្រឹងប្រែងនាំមកនូវផលិតផលនិងបច្ចេកវិទ្យាថ្មីដែលល្អបំផុតជូនដល់ប្រជាពលរដ្ឋខ្មែរបានប្រើប្រាស់ដើម្បីជួយពង្រឹង និងលើកកម្ពស់សុខភាព សុខមាលភាពរបស់ប្រជាពលរដ្ឋខ្មែរឲ្យកាន់តែប្រសើរឡើង។
ថ្ងៃនេះក្រុមហ៊ុនមានសេចក្តីសោមនស្សរីករាយណាស់ដែលបានផ្តល់ជូននូវម៉ាស៉ីនលាងឈាម ចំនួន៥គ្រឿង ទឹកសម្លាប់មេរោគSakkin និងឧបករណ៍បរិក្ខារពេទ្យមួយចំនួនទៀតដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងវិស័យសុខាភិបាល។ លោកស្រីបន្ដថា សម្ភារទាំងអស់នេះ នឹងជួយចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។
ថ្លែងក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បានសម្ដែងនូវការអរគុណដល់ក្រុមហ៊ុន ឆាយ វ៉ាង ឯ.ក និងក្រុមហ៊ុន អេហ្វ វ៉ាយ ជី ស៉ី (ខេមបូឌា) ឯ.ក និងចាត់ទុកថា សម្ភារបរិក្ខាពេទ្យ និងម៉ាស៉ីនលាងឈាមនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងពីវិស័យឯកជន ក្នុងបរិបទនៃការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។
លោកស្រី ឱ វណ្ណឌីន បានអះអាងថា ក្រុមហ៊ុនបានផ្ដល់ម៉ាស៉ីនលាងឈាមនេះ ចំនួន១០គ្រឿង ដោយក្នុងនោះ ផ្ដល់ជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ចំនួន៥គ្រឿង និងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ចំនួន៥គ្រឿង ដែលនឹងធ្វើពិធីប្រគល់ និងទទួលនាពេលខាងមុខ សម្រាប់ខេត្តបាត់ដំបង។
ព្រមពេលជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន បានកត់សម្គាល់ថា នៅពេលទទួលបានម៉ាស៉ីនដែលបម្រើឲ្យវិស័យសុខាភិបាលទំនើបហើយនោះ កត្តាធនធានមនុស្សដែលមានជំនាញក្នុងការប្រើប្រាស់ក៏ត្រូវតែមានជាចាំបាច់ផងដែរ។ លោកស្រីថា បើមានម៉ាស៉ីនទំនើប ហើយយើងមិនចេះប្រើប្រាស់ក៏មិនអាចទៅរួចនោះដែរ ប៉ុន្ដែបើតាមការបញ្ជាក់ គ្រូពេទ្យនៅខេត្តកំពង់ចាម គឺមានចំណេះដឹងក្នុងការប្រើប្រាស់ម៉ាស៉ីននេះ។
បន្ថែមពីនេះ លោកស្រី ឱ វណ្ណឌីន ក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋតាំងពីដូសមូលដ្ឋាន រហូតដល់ដូសទី៣ ឬដូសជំរុញថែមទៀតផង ខណៈប្រទេសមួយចំនួនមិនទាន់សម្រេចបានដូចកម្ពុជានោះទេ។
ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទូទាំងប្រទេសរូបនេះ បានអះអាងថា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបានដោយជោគជ័យក្នុងការចាក់វ៉ាក់សាំងដូសមូលដ្ឋានហើយនោះ នៅពេលនេះការចាក់វ៉ាក់សាំងក៏សម្រេចបាន ជាង៣៤ភាគរយថែមទៀតផង។
ប៉ុន្ដែទោះជាយ៉ាងណា លោកស្រីក៏បានកត់សម្គាល់ថា នៅមានប្រជាពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះ ដែលមិនទាន់បានចាក់វ៉ាក់សាំង ដោយសារការគិតខុស ពិសេសស្ដ្រីមានផ្ទៃពោះ ស្ដ្រីបំបៅដោះកូន និងអ្នកមានជំងឺប្រចាំកាយជាដើម។ ត្រង់ចំណុចនេះ លោកស្រី បានសង្កត់ធ្ងន់ថា ពិតណាស់ស្ដ្រីមានផ្ទៃពោះ និងបំបៅដោះកូន គឺជាអាទិភាពក្នុងការចាក់វ៉ាក់សាំងទៅវិញទេ ពោលវ៉ាក់សាំងអាចឈានទៅដល់ការផ្ដល់នូវការការពារជូនកូនថែមទៀត។
ដោយឡែក សម្រាប់អ្នកដែលមានជំងឺប្រចាំកាយ ដូចជា ឡើងឈាម ឬទឹកនោមផ្អែម គឺត្រូវមកទទួលនូវការពិគ្រោះពីក្រុមគ្រូពេទ្យជំនាញ នៅកន្លែងទទួលចាក់វ៉ាក់សាំងដែលនៅក្នុងភូមិឋានរបស់ពួកគាត់ ដើម្បីអាចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
យ៉ាងណាក៏ដោយ លោកស្រី ឱ វណ្ណឌីន បានក្រើនរំលឹកថា បើទោះបីចាក់វ៉ាក់សាំងបានគ្រប់ចំនួន តាំងពីដូសមូលដ្ឋាន ដល់ដូសជំរុញក៏ដោយ បុគ្គលម្នាក់ៗមិនត្រូវធ្វេសប្រហែសជាមួយជំងឺកូវីដ១៩នោះទេ ពោលត្រូវតែអនុវត្តឲ្យបានត្រឹមត្រូវនូវវិធានសុខាភិបាល ពិសេសវិធានការ ៣ការពារ និង៣កុំ៕