(ភ្នំពេញ)៖ អតីតនិស្សិតថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រ ចំនួន៣៨រូបទៀត ដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស ដូចជានៅអាមេរិក អូស្រ្តាលី ញូវហ្សេលែន អង់គ្លេស និងកាណាដាជាដើម នៅថ្ងៃនេះ បានចេញលិខិតចំហរមួយទៀត ទាមទារឱ្យ លោក សម រង្ស៉ី កែតម្រូវ និងសុំទោសជាសាធារណៈចំពោះ ការប្រមាថសញ្ញាបត្រក្រៅប្រទេសរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត។
ក្នុងលិខិតចំហររបស់ខ្លួន ក្រុមបញ្ញវន្តទាំងនោះបានលើកឡើងថា៖ «យើងខ្ញុំទាំងអស់គ្នាជាអតីតនិស្សិតថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រដែល បានបញ្ចប់ការសិក្សានៅក្រៅប្រទេស សូមសម្ដែងការសោកស្ដាយជាពន់ពេកចំពោះអ្នកនយោបាយចាស់វស្សាមួយរូប ដែលបានធ្វើការវាយតម្លៃបែបបង្អាប់ ទៅលើគុណភាពសញ្ញាបត្រសិក្សានៅក្រៅ ប្រទេសរបស់និស្សិតកម្ពុជាថាជាសញ្ញាបត្រប្រភេទទីពីរ ឬសញ្ញាបត្រយោគយល់»។
ក្រុមបញ្ញវន្តខ្មែរទាំងនោះ បានចាត់ទុកថា «ការថ្លែងជាសាធារណៈរបស់អ្នកនយោបាយខាងលើនេះ ពិតជាបានប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងបង្ហាញពីភាពមិនទទួលស្គាល់ នូវការខិតខំប្រឹងប្រែងរបស់យើងខ្ញុំ ដែលបានជំនះរាល់ ឧបសគ្គនានា ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា ។ លើសពីនេះទៀត ការថ្លែងបែបនេះ ពិតជាបាន ប៉ះពាល់ដល់គុណភាពអប់រំនៃគ្រឹះស្ថានឧត្តមសិក្សានានានៅក្រៅប្រទេស ដែលយើងខ្ញុំបានសិក្សា»។
ក្រុមបណ្ឌិតទាំង៣៨នាក់ បានលើកឡើងថា៖ «យើងខ្ញុំទាំងអស់គ្នាសូមស្នើសុំឲ្យអ្នកនយោបាយរូបនេះ ធ្វើការកែតម្រូវ និងសុំទោសជា សាធារណៈ ចំពោះការលើកឡើងដោយគ្មានភស្តុតាង និងគ្មានទំនួលខុសត្រូវ ទៅលើគុណភាពអប់រំ ដែលយើងខ្ញុំទទួលបាននៅក្រៅប្រទេស ដើម្បីជាគំរូវីរភាពដល់អ្នកដឹកនាំជំនាន់ក្រោយ ។ ទន្ទឹមនឹងនេះ យើងខ្ញុំសូមប្រកាសគាំទ្រចំពោះសារ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានលើកឡើងនៅលើ ទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដែលស្នើឲ្យអ្នក នយោបាយរូបនេះ បញ្ជាក់ពីអំណះអំណាងដើម្បីផ្ដល់ភាពយុត្តិធម៌ដល់និស្សិតដែលបានបញ្ចប់ការ សិក្សានៅក្រៅប្រទេស»។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក៏មានក្រុមបញ្ញវន្តខ្មែរដែលបានរៀនចប់ថ្នាក់បណ្ឌិតនៅសហរដ្ឋអាមេរិក ប្រទេសចិន សហភាពអឺរ៉ុប និងប្រទេសជាច្រើនទៀត ប្រមាណ៤០រូបផងដែរ បានចេញលិខិតទាមទារឱ្យលោក សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់ ធ្វើការសុំទោសជាសាធារណៈចំពោះការប្រមាថដល់សញ្ញាបត្រក្រៅប្រទេសរបស់ លោក ហ៊ុន ម៉ាណែត។
ប្រតិកម្មរបស់ក្រុមបណ្ឌិតដែលរៀននៅក្រៅប្រទេស បានកើតឡើងបន្ទាប់ពី លោក សម រង្ស៉ី កាលពីពេលថ្មីៗនេះ បានលើកឡើងថា សញ្ញាបត្ររបស់ លោក ហ៊ុន ម៉ាណែត ដែលទទួលបានពីសាលាបណ្ឌិតសភាយោធាអាមេរិក (United States Military Academy) ឬហៅកាត់ថា West Point) ជាសញ្ញាបត្រកម្រិត២ ឬសញ្ញាបត្រក្រោមស្តង់ដារ។ ការវាយប្រហារដោយការបំភ្លៃព័ត៌មាននេះ បានធ្វើឡើងបន្ទាប់ពី លោក ហ៊ុន ម៉ាណែត ត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេចជាឯកច្ឆន្ទជ្រើសតាំងជា បេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ថ្ងៃអនាគត៕