(បន្ទាយមានជ័យ)៖ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល២០២២ចូលមកដល់ រដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើពិធីបួងសួងដើម្បីបណ្តេញឧបទ្រពចង្រៃ គ្រោះកាច និងគ្រោះមហន្តរាយ ក្នុងគោលបំណងសុំសេចក្តីសុខ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើងនៅតាមដងផ្លូវជាតិលេខ៥។

ពិធីនោះបានធ្វើឡើងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២ នៅផ្លូវជាតិលេខ៥ ត្រង់ចំណុចខ្ទមអាសន: លោកយាយម៉ៅ ដើមពោធិ៍ ភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល ស្នងការរងទទួលផែនការងារព្រំដែន នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ សៅ សារឿន អធិការនគរបាលនៃក្រុងប៉ោយប៉ែត ចៅសង្កាត់ផ្សារកណ្តាល មន្ត្រីរាជការ កងកម្លាំង និងពលរដ្ឋជាច្រើនរូប។

ក្នុងពិធីនោះបាននិមន្តព្រះគ្រូ ប៉ុក ចំរើន ព្រះអនុគណក្រុងប៉ោយប៉ែត និងជាចៅអធិការវត្តស្ទឹងបត់ និងព្រះសង្ឃ ៤៩អង្គរាប់បាត្រ និងប្រគេនទេយ្យវត្ថុបច្ច័យផងដែរ ហើយក្នុងនោះ គេក៏បានថ្វាយផ្កាភ្ញី គ្រឿងសក្ការ: ការថ្វាយភ្លេង ការច្រៀងរាំ អុជធូបទៀន និងការលែងសត្វជាដើម៕