(រតនគិរី)៖ កសិករដែលប្រកបរបរដាំដំឡូងមី នៅខេត្តរតនគិរី បានសម្តែងក្តីសប្បាយរីករាយ ដោយសារតែដំណាំដំឡូងមីនៅឆ្នាំនេះ មានតម្លៃខ្ពស់ជាងឆ្នាំមុន។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News កសិករម្នាក់ឈ្មោះ សឿន ពិសិទ្ធ ជាម្ចាស់ចំការដំឡូងមីប្រមាណ១០ហិកតា ក្នុងភូមិសាស្ត្រស្រុកអូរយ៉ាដាវ បានសម្តែងការរីករាយចំពោះតម្លៃដំឡូងមី ដែលមានតម្លៃខ្ពស់ជាងឆ្នាំមុន។ កសិកររូបនេះបន្តថា តម្លៃដំឡូងស្រស់ក្នុង១គីឡូ ៣៥០រៀល និងដំឡូងមីក្រៀម១គីឡូតម្លៃ៧០០រៀល។
លោកថា តម្លៃឆ្នាំនេះប្រជាកសិករអាចទទួលយកបាន បើប្រៀបធៀបឆ្នាំទៅមិញ មានតម្លៃទាបជាង ហើយឆ្នាំនេះលោកបានដាំលើផ្ទៃដី១០ហិចតា ដោយចំណាយដើមទុនប្រមាណ៤៥០០ដុល្លារ ទៅ៥០០០ដុល្លារ។ ដូច្នេះបើទូទាត់ទៅឆ្នាំនេះ គាត់សល់ប្រាក់ចំណេញគួរសម ដែលអាចទទួលយកបាន។
ក្រុមហ៊ុន ជា ទូចត្រេឌីង គឺជាអ្នកប្រមូលទិញដំឡូងមីស្រស់ ដែលមានទីតាំងក្នុងភូមិសោមធំ ឃុំសោមធំ ស្រុកអូរយ៉ាដាវ។ លោកស្រី ជា ទូច នាយិកាក្រុមហ៊ុន បានឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះថា ក្រុមហ៊ុនលោកស្រីបានប្រមូលទិញដំឡូងមីស្រស់ ក្នុង១ថ្ងៃបានចំនួន៦០០តោន ទៅ១២០០តោន ទើបរោងចក្រដំណើរការចង្វាក់ផលិតកម្មចេញជាម្សៅមីបាន។
នាយិការូបនេះបញ្ជាក់ឲ្យដឹងទៀតថា រោងចក្រទទួលទិញដំឡូងមីស្រស់ក្នុង១គីឡូក្រាម៣៦០រៀល ហើយមិនទទួលទិញដំឡូងមីក្រៀមនោះឡើយ។ ទន្ទឹមនោះដែរ លោកស្រីនាយិកាក៏បានអំពាវនាវប្រជាកសិករដាំដំឡូងមី សូមយកមកលក់ឲ្យក្រុមហ៊ុន ដោយក្រុមហ៊ុននឹងទទួលទិញតាមតម្លៃទីផ្សារជាក់ស្តែង ប្រសើរជាងការដឹកទៅលក់នៅក្រៅប្រទេស ធ្វើឲ្យខាតពេលវេលា ហើយតម្លៃទៀតសោធន៍ មិនខុសគ្នានឹងតម្លៃក្នុងស្រុកប៉ុន្មានឡើយ។
បើតាមការបញ្ជាក់ពីលោក សយ សូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឲ្យដឹងនៅរសៀលថ្ងៃទី៣ ខែមករាថា ក្នុងខេត្តរតនគិរីមានផ្ទៃដីដាំដំឡូងមីជិត១ម៉ឺន៦ពាន់ហិកតា។ បើប្រៀបធៀបនឹងឆ្នាំទៅ មានការកើនឡើងជាង១ពាន់ហិកតា ហើយការកើនឡើងនេះ គឺដោយសារតម្លៃដំឡូងមីឆ្នាំនេះ មានភាពល្អប្រសើរចាប់តាំងពីដើមឆ្នាំ២០២១មកម្លេះ៕