(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៧៖១៥នាទីព្រឹកថ្ងៃទី២៤ ខែមេសានេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងភរិយា ព្រមទាំងកូនស្រី បានត្រឡប់មកដល់កម្ពុជាវិញហើយ ដោយយ៉ាងស្ងាត់ស្ងៀម បន្ទាប់ពីបានចាកចេញពីទៅកាន់ទីក្រុងបាងកក ប្រទេសថៃ កាលពីព្រលប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ និងបន្តទៅកាន់ប្រទេសទី៣។
ការវិញត្រឡប់មកដល់កម្ពុជាវិញ របស់លោក កឹម សុខា បានកើតឡើងមួយថ្ងៃបន្ទាប់ពី កញ្ញា ស្រីមុំ និង ធី សុវណ្ណថា រួមគ្នាប្តឹងទាមទារសំណងជំងឺចិត្តសរុបប្រមាណ ១លាន និង៣០ម៉ឺនដុល្លារអាមេរិក។
សូមជំរាបថា ពាក់ព័ន្ធរឿងអាស្រូវសារសម្លេង ស្នេហារវាងលោក កឹម សុខា និងស្រីមុំ នៅពេលនេះកំពុងឡើងកំដៅយ៉ាងខ្លាំង ហើយត្រូវបាន ភាគីខាងស្រី ខុម ចាន់ដារ៉ាទី ទទួលស្គាល់សម្លេងនៅក្នុងខ្សែអាត់ដែលបែកធ្លាយ ព្រមទាំងបានដាក់ពាក្យប្តឹងលោក កឹម សុខា ទាមទារសំណង ជំងឺចិត្ត៣០ម៉ឺនដុល្លារ និងកញ្ញា ធី សុវណ្ណថា ប្តឹងទាមទារសំណងជំងឺចិត្ត ពីបទបរិហារកេរ្តិ៍ចំនួន១លានដុល្លារ ដោយថវិកានេះកញ្ញា យកទៅជួយកុមារកំព្រា។ នៅពេលនេះរឿងអាស្រូវស្នេហាក្រៅផ្ទះរបស់លោក កឹម សុខា កំពុងចងរឹតលោក កឹម សុខា ដូចចំណងរឹតនុំអន្សមជ្រូក។ កញ្ញា ស្រីមុំ និង ធី សុវណ្ណថា រួមគ្នាប្តឹងទាមទារសំណងជំងឺចិត្តសរុបប្រមាណ ១លាន និង៣០ម៉ឺនដុល្លារអាមេរិក។ ធី សុវណ្ណថា បានទាមទារឲ្យតុលាការលក់អចលនទ្រព្យលោក កឹម សុខា ដើម្បីយកលុយសងជំងឺចិត្តកញ្ញា ហើយកញ្ញា នឹងយកលុយទាំងអស់នោះទៅជួយដល់កុមារកំព្រា៕