(មណ្ឌលគិរី)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ បានចុះត្រួតពិនិត្យការដ្ឋានអនុវត្តគម្រោងទំនប់អូរទេ និងការដ្ឋានស្តារ កែលម្អឡើងវិញអាងទំនប់លើ និងទំនប់ក្រោម ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្គត់ផ្គង់ទឹកដ៏ចាំបាច់ និងបន្ទាន់បំផុត សម្រាប់ក្រុងសែនមនោរម្យ និងស្រុកអូររាំង នៃខេត្តមណ្ឌលគិរី។
ពិធីនេះក៏មានការអញ្ជើញអមដំណើរដោយ លោក ខែម ភារម្យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី ក្រុមមន្រ្តីបច្ចេកទេស មួយចំនួនផងដែរ។
លោក លឹម គានហោ បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើយុទ្ធសាស្រ្តចតុកោណជំហានទីបួន ក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមអនុវត្តធ្វើកិច្ចអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពលើវិស័យធនធានទឹក និងឧតុនិយមជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសមានការសហការគាំទ្រដ៏ល្អប្រសើររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺបានធ្វើការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធធនធានទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងក្របខណ្ឌទូទាំងប្រទេស។
លោករដ្ឋមន្ត្រី បានបន្តថា ជាក់ស្តែងថ្មីៗនេះ ក្រសួងបានអនុវត្តការងារសាងសង់ទំនប់អូរទេ អាងទំនប់លើ និងអាងទំនប់ក្រោម ដោយទទួលថវិកាឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមអនុវត្តពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ហើយមកទល់ពេលនេះការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកទាំងបីទីតាំងក្នុងខេត្តមណ្ឌលគិរីនេះសម្រេចបានប្រមាណជា២០% ដែលនឹងគ្រោងនឹងបញ្ចប់នៅបំណាច់ឆ្នាំ២០២២។
ក្នុងឱកាសចុះត្រួតពិនិត្យ លោក លឹម គានហោ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបានលឿនរហ័សទាន់សភាពការណ៍ និងបានណែនាំបន្ថែមដល់លោកប្រធានមន្ទីរ ក្រុមការងារបច្ចេកទេសឱ្យបន្តរសហការណ៍បានល្អប្រសើរជាមួយអាជ្ញាធរដែនដី គ្រប់ភាគីពាក់ព័ន្ធធ្វើយ៉ាងណាឱ្យឆាប់សម្រេចការងារគម្រោងនេះ ប្រកបទៅដោយគុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង និងជាពហុប្រយោជន៍បម្រើដល់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់។
បើតាមលោករដ្ឋមន្ត្រីធនធានទឹក បានបញ្ជាក់ថា ក្រោយការអភិវឌ្ឍន៍ទំនប់អូរទេ និងអាងទំនប់លើ និងអាងទំនប់ក្រោម នឹងឆ្លើយតបទៅនឹងភាពចាំបាច់ និងបន្ទាន់បំផុត ចំពោះតម្រូវការផ្គត់ផ្គង់ទឹកស្អាតដល់ជីវភាពប្រជាពលរដ្ឋចំនួន ៣,៤០០គ្រួសារ ក្នុងក្រុងសែនមនោរម្យ និងចំនួន២,០០០គ្រួសារ ក្នុងស្រុកអូររាំងនៃខេត្តមណ្ឌលគិរី។
លើសពីនេះទៅទៀត អាងទឹកទាំងបីខាងលើ នឹងដើរតួជាប្រភពទឹកសំខាន់បំផុតសម្រាប់ការស្រោចស្រពដំណាំកសិ-ឧស្សាហកម្មដូចជា៖ ដំណាំម្រេច ធុរេន អាវ៉ូកាដូ ម្នាស់ និងដំណាំរួមផ្សំផ្សេងទៀតលើផ្ទៃដីចំនួន ១,៥០០ហិកតា ព្រមទាំងចូលរួមចំណែកក្នុងអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ពិសេសទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍ ដែលមានលក្ខណៈពិសេសដោយឡែកនៅភូមិភាគឥសាននេះ ដោយស្របទៅនឹង «ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី» ដែលរាជរដ្ឋាភិបាលទើបសម្រេចអនុម័តដាក់ឱ្យប្រើប្រាស់នាពេលថ្មីៗនេះ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់ និងសេដ្ឋកិច្ចជាតិ៕