(កោះកុង)៖ ថ្លែងនាឱកាសចុះត្រួតពិនិត្យទីតាំងដើម្បីរៀបចំពិធីបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ នាល្ងាច ថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២នេះ គម្រោងធំៗ ចំនួន៥ទៀត នឹងត្រូវបើកការដ្ឋានសាងសង់ រួមទាំងគម្រោងសាងសង់រួចចំនួន៤ និងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា សម្រាប់គម្រោងដែលនឹងចាប់ផ្តើមបើកការដ្ឋាននៅក្នុងឆ្នាំ២០២២ មានដូចជា៖ បើកការដ្ឋានពង្រីកផ្លូវពី ស្គុន-កំពង់ចាម ពង្រីកពី ២គន្លងទៅ ៤គន្លង, លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤១ ៣១ ៣៣ ពី DBST ទៅ AC និងបើកការដ្ឋានស្ពាននៅក្រចេះ ហើយគម្រោងទាំងនេះ បានសិក្សារួចហើយ និងបានចរចារតម្លៃចប់សព្វគ្រប់ រង់ចាំតែប្រាក់កម្ចីធ្លាក់មកពីប្រទេសចិន នឹងអាចបើកការដ្ឋានសាងសង់បាន។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល បានបញ្ជាក់ទៀតថា ចំពោះការម្ពោធនៅឆ្នាំ២០២២នេះ នឹងមានការសម្ពោធសមិទ្ធផលធំៗចំនួន៤ រួមមាន៖
* នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ សម្ពោធផ្លូវជាតិលេខ៥ ពីកំណាត់ផ្លូវបាត់ដំបង-សេរីសោភ័ណ្ឌ រួមទាំងមានការសម្ពោធកំណាត់ផ្សេងៗទៀត
សូមជម្រាបថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ)នេះ ចាប់ផ្តើមសាងសង់ចេញពីខេត្តបាត់ដំបង រហូតដល់ខេត្ត បន្ទាយមានជ័យ មានប្រវែងសរុប ៨៤.៧៤គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ១៤៣.០៤ លានដុល្លារអាមេរិក។ គម្រោងស្ថាបនាកំណាត់ផ្លូវនេះត្រូវបានបែងចែក ជាពីរកញ្ចប់ក្នុងនោះ៖ កញ្ចប់ទី១៖ សាងសង់ដោយក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Tekken-Taiyo JV មានប្រវែង ៤៦.២៧ គីឡូម៉ែត្រ ហើយកញ្ចប់ទី២៖ សាងសង់ដោយ ក្រុមហ៊ុន សម្ព័ន្ធក្រុមហ៊ុន Daiho-Asanuma JV មានប្រវែង ៣៨.៤៧គីឡូម៉ែត្រ និងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KEI-OCG-KCI Joint Venture in association with KCEC និង TANCONS ត្រូវបានសម្ភោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ មីនា ២០១៨។
* នៅក្នុងឆ្នាំ២០២២នេះ នឹងមានការបើកសម្ពោធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប
សូមជម្រាបថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ខ្សែនេះ មានប្រវែងសរុបជាង ១០៨.៧គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុប ប្រមាណជាង ១៤៩លានដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ខែ បានបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១ គម្រោងនេះបានសម្ពោធបើកការដ្ឋាន សាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
* នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នឹងបើកសម្ពោធផ្លូវជាតិលេខ៧ ក្រចេះ-ស្ទឹងត្រែង
* នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បើកសម្ពោធស្ពាន ៧កន្លែង ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន ដែលមានស្ពាន៥ នៅផ្លូវជាតិលេខ៧៣ និងស្ពាន២ទៀត នៅផ្លូវជាតិលេខ១១ ផងដែរ៕
សូមស្តាប់ការបង្ហាញរបស់លោក ស៊ុន ចាន់ថុល អំពីគម្រោងផ្លូវដែលត្រូវបើកការដ្ឋានសាងសង់ និងសម្ពោធក្នុងឆ្នាំ២០២២៖