(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) កំពុងមានការរីកចម្រើនយ៉ាងខ្លាំង គួរឱ្យកត់សម្គាល់។
ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា ថ្លែងបែបនេះ ក្នុងពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ដែលផ្តល់ឲ្យកម្ពុជាតាមរយៈ មូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (The Economic Development Cooperation Fund-EDCF) ដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការរបស់សាធារណរដ្ឋកូរ៉េ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្តេចគឺជាសហស្ថាបនិក នៃទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូង ហើយការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំង២ កើតឡើងដោយសារការខិតខំ ក្នុងការរៀបចំគោលនយោបាយការបរទេស របស់សម្តេច។ ទំនាក់ទំនងដែលសម្តេចតេជោ ប្តូរផ្តាច់បង្កើតឡើងនេះ កំពុងហុចផលប្រយោជន៍ជូនកម្ពុជាទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងផ្តល់ការងារជាច្រើនជូនពលរដ្ឋកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសង្ឃឹមថា មិត្តកូរ៉េនឹងបន្ត [ជួយកម្ពុជា] ហើយអ្វីដែលជាក្តីសង្ឃឹមរបស់យើង គឺយើងនឹងមានស្ពានឆ្លងទន្លេមេគង្គ ពីភ្នំពេញ ទៅកាន់ស្វាយជ្រុំ ខាងល្វាឯម ដែលអាចចាត់ទុកថា ជានិមិត្តរូបនៃសាមគ្គីភាពរវាងនិងកូរ៉េថែមទៀត ហើយយើងក៏សង្ឃឹមថាពលករកម្ពុជា ក៏នឹងបន្តកើនឡើងទៅធ្វើការនៅប្រទេសកូរ៉េ ជាមួយនឹងទំហំពាណិជ្ជកម្ម កាន់តែមានការរីកចម្រើន។ អរគុណណាស់! នេះហើយជាលទ្ធផលនៃការខិតខំក្នុងទំនាក់ទំនងនយោបាយការបរទេសរបស់កម្ពុជា ដែលយើងផ្សារភ្ជាប់ទំនាក់ទំនងនេះ អត់មានអ្វីដែលកម្ពុជាត្រូវខាតបង់ទេ។ ក៏ប៉ុន្តែផលប្រយោជន៍ ដែលបានទទួលមកវិញ គឺវាធំធេង។ ក្នុងឋានៈជាសហស្ថាបនិក នៃទំនាក់ទំនងកម្ពុជា និងកូរ៉េ យើងចង់ឃើញនូវការីកចម្រើនបែបនេះ»។
ក្នុងឱកាសនោះដែរ លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានថ្លែងថា ដោយឈរលើមូលដ្ឋានការសម្រេចចិត្តដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ទំនាក់ទំនងរវាងប្រទេសកូរ៉េ និងកម្ពុជា បាននិងកំពុងរីកចម្រើនដ៏គួរឱ្យកត់សម្គាល់ បន្ទាប់ពីបានកសាងទំនាក់ទំនងការទូតឡើងវិញក្នុងឆ្នាំ១៩៩៧ កន្លងមក។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានរហូតដល់ ១,០៣ពាន់លានដុល្លារ សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៩ គឺកើនឡើង ១៩ដង ធៀបនឹងឆ្នាំ១៩៩៧ ដែលទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរមានទឹកប្រាក់ចំនួន ៥៤លានដុល្លារ។
លោក Park Heung-Kyeong បានបន្តថា ចំនួនទឹកប្រាក់វិនិយោគសរុបរបស់កូរ៉េចំពោះកម្ពុជា ចន្លោះពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៩ គឺប្រមាណ ៤,៤ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីចិន។ កាលពីខែតុលាឆ្នាំនេះ កូរ៉េ និងកម្ពុជា បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាស្ថាពរ ហើយភាគីទាំងពីររំពឹងថា ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរនឹងកាន់តែកើនឡើងបន្តបន្ទាប់ទៀតនៅថ្ងៃខាងមុខ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា កូរ៉េខាងត្បូង ក៏បានផ្តល់ជំនួយដល់កម្ពុជា យ៉ាងច្រើនផងដែរ។ គិតចាប់ឆ្នាំ២០០១ រហូតមកដល់បំណាច់ឆ្នាំ២០២១ សាធារណរដ្ឋកូរ៉េ បានផ្តល់ហិរញ្ញប្បទានសម្បទាន ដល់កម្ពុជា តាមរយៈ មូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ចំនួន ៣០ គម្រោង គិតជាទឹកប្រាក់សរុបចំនួន ១,២ ពាន់លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍វិស័យសំខាន់ៗមានដូចជា វិស័យដឹកជញ្ចូន វិស័យធនធានទឹក វិស័យគ្រប់គ្រងទឹកកខ្វក់ វិស័យសុខាភិបាល វិស័យអប់រំ វិស័យអភិបាលកិច្ច និងការឆ្លើយតបបន្ទាន់ទៅនឹង ជំងឺឆ្លងកាចសាហាវ (Covid-19)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ EDCF ។
សូមជម្រាបថា គិតចាប់ពីឆ្នាំ២០០៧ ដល់ដើមឆ្នាំ២០២១ កម្ពុជាបានបញ្ជូនពលករសរុបចំនួន ៦៨២៩៤នាក់ (ស្រីជិត១ម៉ឺន៥ពាន់នាក់) ឲ្យទៅបម្រើការក្នុងវិស័យឧស្សាហកម្មកសិកម្ម និងសំណង់ នៅកូរ៉េខាងត្បូង ដែលអាណត្តិការងារ មានរយៈពេល ៤ឆ្នាំ ១០ខែ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS)។
ការបញ្ជូនពលករកម្ពុជា ទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េក្រោមប្រព័ន្ធ EPS ត្រូវបានចុះអនុស្សរណៈនៃការយោគយល់គ្នារវាង សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក Roh Moo-Hyun អតីតប្រធានាធិបតីនៃសាធាណរដ្ឋកូរ៉េ កាលពីខែវិច្ឆិកា ឆ្នាំ២០០៦ ដែលមានគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេសនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េជាប្រតិបត្តិករ៕