(ភ្នំពេញ)៖ ក្នុងឱកាសចុះពិនិត្យការអ៊ុតគំនូសចរាចរណ៍ នៅលើមហាវិថីសុរាម្រិត ចាប់ពីមហាវិថីសម្តេចសុធារស រហូតដល់រង្វង់មូលវិមានឯករាជ្យ ក្រោមជំនួយឧបត្ថម្ភពីក្រុមហ៊ុន សាជីវកម្ម-ស្ពានថ្នល់ចិន នៅយប់ថ្ងៃទី២៣ ខែមេសានេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គំនូសចរាចរណ៍ថ្មីនេះ នឹងជាប់ជាងគំនូសចរាចរណ៍មុនៗ ដោយគំនូសថ្មីនេះជាប់ធន់យ៉ាងតិចមួយឆ្នាំ ខណៈគំនូសមុនៗតែ២ ឬ៣ខែ រលុបអស់ហើយ។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅយប់ថ្ងៃទី២៣ ខែមេសានេះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា គំនូសចរាចរណ៍នឹងត្រូវធ្វើឡើង នៅលើផ្លូវសំខាន់ៗចំនួន២៥ ក្នុងរាជធានីភ្នំពេញ ប៉ុន្តែដោយសារតែថវិកាមានកម្រិត មន្ទីរសាធារណការ ធ្វើការអ៊ុតថ្មី តែលើមហាវិថីសំខាន់ៗចំនួន៥សិន រួមមាន មហាវិថីព្រះនរោត្តម មហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីព្រះសីហនុ មហាវិថីម៉ៅសេងទុង និងមហាវិថីកម្ពុជាក្រោម។
លោកទេសរដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ទៀតថា មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ក៏គ្រោងបន្ថែមភ្លើងស្តុបចំនួន១០០បន្ថែមទៀត និងដាក់ស្លាកសញ្ញាចរាចរណ៍ ចំនួន៥០០០ស្លាកសញ្ញាទៀត ដែលគ្រោងបញ្ចប់នៅចុងឆ្នាំ២០១៦នេះ៕