(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងនៅយប់ថ្ងៃទី២៣ ខែមេសានេះថា នៅរយៈពេលដ៏ខ្លីខាងមុខនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងធ្វើការប្រកាសដំណឹងល្អមួយ ដល់ប្រជាពលរដ្ឋ ក៏ដូចជាពាណិជ្ជករ អាជីវករ ពីការបញ្ចុះថ្លៃដឹកជញ្ជូន ដើម្បីចូលរួមឲ្យប្រទេសកម្ពុជា អាចប្រកួតប្រជែង ជាមួយប្រទេសជិតខាង ក្នុងការនាំផលិតខ្មែរទៅលក់នៅបរទេស។
ការថ្លែងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល យ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញចុះពិនិត្យការងារអ៊ុតគំនូសផ្លូវ នៅរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៣ ខែមេសានេះ។
លោក ស៊ុន ចាន់ថុល បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «ក្រសួងបានពិភាក្សាគ្នាជាមួយ អង្គភាពកំពង់ផែស្វយ័តក្រុងភ្នំពេញ កំំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអង្គភាពកាំសាប ដើម្បីរកនីតិវិធី បញ្ចុះតម្លៃសេវានៅអង្គភាពទាំង៣នោះ។ ខ្ញុំសង្ឃឹមថា ក្នុងពេលឆាប់ៗខាងមុខនេះ យើងនឹងប្រកាសលទ្ធផលវិជ្ជាមាន ជូនប្រជាពលរដ្ឋ ពាណិជ្ជករ អាជីវករថា តម្លៃដឹកជញ្ជូនវាអាចមានចុះថោក បន្តិចបន្តួច ដើម្បីជួយឲ្យយើងមានលទ្ធភាព ប្រកួតប្រជែងជាមួយប្រទេសជិតខាង ក្នុងការនាំផលិតផលខ្មែរ ទៅលក់នៅបរទេស»។
រដ្ឋមន្ត្រីដែលទើបតែងតាំងថ្មីរូបនេះ បានឲ្យដឹងទៀតថា ការស្វែងរកការបញ្ចុះតម្លៃដឹកជញ្ជូននេះ ធ្វើឡើងស្របតាមគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥ -២០១៥ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា នៅថ្ងៃទី២៥ ខែមេសាខាងមុខនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងធ្វើការជួបប្រជុំជាមួយ ក្រុមហ៊ុនដឹកទំនិញទាំងអស់ ដើម្បីពិភាក្សាគ្នាអំពីតម្លៃដឹកទំនិញ និងពិភាក្សាគ្នាអំពីការដឹកទំនិញលើសកំណត់ផងដែរ៕