(ភ្នំពេញ)៖ ទីបំផុតរឿងអាស្រូវស្នេហាក្រៅផ្ទះរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ កំពុងចងរឹតលោក កឹម សុខា ដូចចំណងរឹតនុំអន្សមជ្រូក បន្ទាប់ពីខ្សែអាត់សំឡេង នៃរឿងអាស្រូវស្នេហា ត្រូវបានតួអង្គស្រី គឺកញ្ញា ខុម ច័ន្ទតារាទី ហៅស្រីមុំ សារភាពទទួលស្គាល់ការពិតថា សំឡេងសន្ទនាដែលបែកធ្លាយ គឺជាសំឡេងសន្ទនារវាងកញ្ញា និង លោក កឹម សុខា។ លោក កឹម សុខា ត្រូវបានកញ្ញា ស្រីមុំ និង ធី សុវណ្ណថា រួមគ្នាប្តឹងទាមទារសំណងជំងឺចិត្តសរុបប្រមាណ ១លាន និង៣០ម៉ឺនដុល្លារអាមេរិក។ សុវណ្ណថា បានទាមទារឲ្យតុលាការលក់អចលនទ្រព្យលោក កឹម សុខា ដើម្បីយកលុយសងជំងឺចិត្តកញ្ញា ហើយកញ្ញា នឹងយកលុយទាំងអស់នោះទៅជួយដល់កុមារកំព្រា។
កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦កន្លងទៅ នៅចំពោះមុខ លោក សៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ កញ្ញា ខុម ច័ន្ទតារាទី ដែលជានារីកំណាន់ចិត្តម្នាក់ ក្នុងចំណោមនារីកំណាន់ចិត្តជាច្រើននាក់ របស់លោក កឹម សុខា បានសារភាពអស់ហើយ ដោយទទួលស្គាល់នូវសារសំឡេងសន្ទនា ដែលបានបែកធ្លាយ ហើយក៏បានទទួលស្គាល់ពីទំនាក់ទំនងស្នេហារវាងកញ្ញា និង លោក កឹម សុខា។ មិនត្រឹមតែសារភាពទទួលស្គាល់នូវការពិតនោះទេ ស្រីមុំ ក៏បានសម្រេចប្តឹងបកទៅលោក កឹម សុខា និងបក្ខពួក រួមជាមួយជនដទៃទៀត ដោយទាមទារសំណងជំងឺចិត្ត ៣០ម៉ឺនដុល្លារ ដើម្បីសងថ្លៃ ខូចខាតកេរ្តិ៍ឈ្មោះ កិត្តិយស និងភាពថ្លៃថ្នូររបស់កញ្ញា។
ក្នុងពាក្យបណ្តឹងដាក់ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែល Fresh News ទទួលបាននៅយប់រំលងអាធ្រាត្រចូលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ កញ្ញា ស្រីមុំ បានគូសបញ្ជាក់ថា ព្រោះតែរឿងអាស្រូវស្នេហ៍ដែលត្រូវបានគេទម្លាយលើ Facebook «រឿងពិត CNRP» នោះ បានធ្វើឲ្យកញ្ញខូចខាតកិត្តិយសសេចក្តីថ្លៃថ្នូរយ៉ាងធ្ងន់ធ្ងរ ដោយសារលោក កឹម សុខាបានសន្យាផ្តល់ប្រាក់ ៣ពាន់ដុល្លារអាមេរិក សន្យាទិញផ្ទះ និង ទិញរបស់របរដែលកញ្ញាត្រូវការ ហើយបានសន្យាបើកមុខរបរឲ្យកញ្ញាថែមទៀតផង។ល។
ស្រីមុំ បានបញ្ជាក់នៅក្នុងពាក្យបណ្តឹងនោះទៀតថា រហូតមកដល់ពេលនេះ លោក កឹម សុខា មិនបានប្រគល់អ្វីឲ្យរួបនាងនោះឡើយ។
ស្រីមុំ បន្តថា ទង្វើរបស់លោកកឹម សុខា បានធ្វើឲ្យកញ្ញា ត្រូវបាត់បង់កិត្តិយសសេចក្តីថ្លៃថ្នូរ ខាតបង់ពេលវេលា បាត់ការងារ ខាតបង់សេដ្ឋកិច្ចគ្រួសារ ដែលកញ្ញាជាបង្គោលគ្រួសារ ខណៈដែលពេលនេះកញ្ញាមិនអាច ចេញដើរទៅណាមកណាបានដូចពីមុនបានទៀតទេ ដោយសារខ្មាស់គេ។
ស្រីមុំ បានសំណូមពរឲ្យតុលាការជួយរកយុត្តិធម៌ឲ្យកញ្ញា ដែលជានារីទន់ខ្សោយ និងទាមទារឲ្យតុលាការផ្តន្ទាទោសលោក កឹម សុខា និងគូកន ព្រមទាំងជនពាក់ព័ន្ធទៅតាមផ្លូវច្បាប់។
ស្រីមុំ បានប្តឹងទាមទារសំណងជំងឺចិត្ត លើការខាតបង់ពេលវេលា ការបាត់បង់ការងារ ខាតបង់សេដ្ឋកិច្ចគ្រួសារ និងការខូចខាតកិត្តិយសសេចក្តីថ្លៃថ្នូររបស់កញ្ញា នូវទឹកប្រាក់ ៣០ម៉ឺនដុល្លារ ពីលោក កឹម សុខា និងគូកន ព្រមទាំងជនពាក់ព័ន្ធដទៃ។
ស្របពេលដែលស្រីមុំ ប្រកាសចេញមុខប្តឹងបកទៅលោក កឹម សុខា និងបក្ខពួកនោះ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ កញ្ញា ធី សុវណ្ណថា ក៏បានប្រកាសដាក់ពាក្យប្តឹងលោក កឹម សុខា ពីបទបរិហាកេរ្តិ៍កញ្ញាផងដែរ ដោយទាមទារសំណងជំងឺចិត្តប្រមាណ ១លានដុល្លារអាមេរិក និង សូមឲ្យតុលាការលក់អចលនទ្រព្យរបស់លោក កឹម សុខា យកលុយសងជំងឺចិត្តកញ្ញា ហើយកញ្ញា នឹងយកលុយទាំងអស់នោះ ទៅជួយដល់កុមារកំព្រា។
កញ្ញា ធី សុវណ្ណថា បានបញ្ជាក់នៅក្នុងសន្និសីទព័ត៌មាននៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះថា សំឡេងពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ដដែលនេះ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ កញ្ញា ស្រីមុំ ដែលជានារីកំណាន់ចិត្តវ័យក្មេងរបស់លោក កឹម សុខា ក៏បានចេញមកបង្ហាញការពិត និងការបង្គាប់បញ្ជាពីលោក កឹម សុខា ក៏ដូចជាអង្គការសង្គមស៊ីវិលមួយចំនួន ដែលព្យាយាមឲ្យកញ្ញា និយាយបំភ្លៃការពិត ដោយសន្យាជួយរាប់រងឲ្យកញ្ញា អាចចេញទៅក្រៅប្រទេស។
ការលាតត្រដាង និងបកអាក្រាត របស់កញ្ញា ស្រីមុំ បានធ្វើឡើង បន្ទាប់ពីអង្គការការពារសិទ្ធិមនុស្សអាដហុក បានសម្រេចឈប់ផ្តល់មេធាវីការពារក្តីឲ្យរូបកញ្ញា។
ការចេញមកទម្លាយការពិតរបស់ស្រីមុំ ពីទង្វើទុច្ចរិតរបស់អង្គការសង្គមស៊ីវិលមួយចំនួននេះ បានធ្វើឲ្យមានការប្រតិកម្ម និងរងការរិះគន់ខ្លាំង ពីក្រសួងយុត្តិធម៌, ក្រសួងកិច្ចការនារី និងស្ថាប័នផ្សេងៗទៀត។ កញ្ញា សុវណ្ណថា ក៏បានរិះគន់ទៅលើទង្វើរបស់អង្គការសង្គមស៊ីវិលនេះផងដែរ។
សុវណ្ណថា បានសុំឲ្យអង្គការសង្គមស៊ីវិលគួរតែរក្សាជំហរអព្យាក្រឹត្យក្នុងការជួយជនរងគ្រោះ មិនមែនធ្វើសកម្មភាព ដើម្បីជួយបក្សនយោបាយ ឬបុគ្គលនយោបាយណាមួយនោះឡើយ។
សុវណ្ណថា បានហៅទង្វើរបស់លោក កឹម សុខា ជាគំរូអាក្រក់មួយនៅក្នុងសង្គម ហើយបើឲ្យលោក កឹម សុខា ក្លាយជាមេដឹកនាំប្រទេស សង្គមកម្ពុជាអាចក្លាយជាសង្គមពេស្យាចារ្យ។
សូមបញ្ជាក់ថា ការបែកធ្លាយសំឡេងសន្ទនា ដែលជារឿងអាស្រូវស្នេហ៍របស់លោក កឹម សុខា បានក្លាយជាប្រធានបទក្តៅមួយ នៅកម្ពុជានាពេលបច្ចុប្បន្ន។ តាមរយៈសំឡេងសន្ទនា ដែលទម្លាយនៅក្នុង Facebook «រឿងពិត CNRP» បានលាតត្រដាងឲ្យឃើញថា លោក កឹម សុខា បានលួចលាក់មាននារីស្នេហ៍ក្រៅផ្ទះជានាក់ ក្នុងនោះមាននារីជាជនជាតិវៀតណាមផងដែរ។ ការបង្កាត់ភ្លើងស្នេហាក្រៅផ្ទះជាមួយនារីជនជាតិវៀតណាម បានឈានដល់ការមានកូនជាមួយគ្នាផងដែរ។ នេះបើតាមសំឡេងសន្ទនា ដែលគេទម្លាយ។
កញ្ញា ធី សុវណ្ណថា បានហៅការបែកធ្លាយរឿងអាស្រូវនេះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាប្រិយភាព របស់គណបក្សប្រឆាំងនៅកម្ពុជា ដែលជាគណបក្សមួយដែលកញ្ញា តែងតែគាំទ្រនោះ។ សុវណ្ណថា បានហៅទង្វើរបស់លោក កឹម សុខា ថា ជាទង្វើអាក្រក់របស់បុគ្គលលោក កឹម សុខា មិនពាក់ព័ន្ធជាមួយគណបក្សសង្រ្គោះជាតិនោះឡើយ ដូច្នេះកញ្ញា សុំឲ្យបក្សផ្លាស់ប្តូរ បេក្ខភាពលោក កឹម សុខា ចេញពីអនុប្រធានគណបក្ស គ្រាដែលបក្សមួយនេះ នៅមានអ្នកមានសមត្ថភាពជាច្រើនរូប។
សុវណ្ណថា ក៏បានប្រកាសជំហររបស់ខ្លួនថា នៅតែគាំទ្រគណបក្សសង្រ្គោះជាតិ ហើយនឹងនៅតែធ្វើចលនា ដើម្បីគណបក្សសង្រ្គោះជាតិ តែមិនត្រូវលាក់បាំងនូវទង្វើអាក្រក់របស់លោក កឹម សុខា នោះឡើយ ហើយកញ្ញា ក៏នៅតែរក្សាជំហរចង់ឲ្យមានការផ្លាស់ប្តូរ មេដឹកនាំប្រទេសជាតិដដែល។
បើទោះបីជារឿងអាស្រូវស្នេហារបស់លោក កឹម សុខា បានបែកធ្លាយ ហើយមានអំណឹះអំណាងបញ្ជាក់កាន់តែជាក់ច្បាស់ និងកំពុងធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពប្រឆាំងនៅកម្ពុជាយ៉ាងណាក្តី ក៏គណបក្សសង្រ្គោះជាតិ នៅតែរក្សានូវភាពស្ងប់ស្ងាត់របស់ខ្លួន ដោយគោរពតាមគោលការណ៍មិនឆ្លើយ មិនឆ្លង និងមិនឈ្លោះ ខណៈដែលលោក កឹម សុខា បានចាកចេញពីប្រទេសកម្ពុជា ដោយស្ងៀមស្ងាត់កាលពីថ្ងៃទី១៨ ខែមេសា។
ក្រុមអ្នកចាស់ទុំផ្នែកនយោបាយនៅកម្ពុជា បានលើកជាទស្សនៈថា បើចង់រក្សាបាននូវប្រជាប្រិយភាព របស់គណបក្សប្រឆាំងនៅកម្ពុជា លោក កឹម សុខា គួរតែហ៊ានបញ្ចេញភាពក្លាហានទទួលខុសត្រូវនូវទង្វើរបស់ខ្លួន ហើយដើរចេញពីតួនាទីបក្ស ដោយប្រគល់តំណែងទៅឲ្យអ្នកមានសមត្ថភាពដទៃទៀត។ រឿងអាស្រូវស្នេហាវាមិនមែនជារឿងធម្មតាពេកឡើយ សម្រាប់មេដឹកនាំបក្សនយោបាយ និងជាតំណាងរាស្រ្តមួយរូបនោះ។ ជាគំរូលើពិភពលោកមានមេដឹកនាំជាច្រើន ត្រូវបានធ្លាក់ប្រជាប្រិយភាព និង ឈានធ្លាក់ពីតំណែង ដោយសារតែរឿងអាស្រូវផ្លូវភេទនេះ៕