(ភ្នំពេញ)៖ ក្នុងរយៈជាង៣០ឆ្នាំមកនេះ ទណ្ឌិត សម រង្ស៊ី តែងតែប្រើនយោបាយទុច្ចរិត ប្រជាភិថុតិ ប្រជោនិយម បំភ្លៃ បំភាន់ ភូតកុហក មួលបង្កាច់ និងលាបពណ៌ជារៀងរហូតមក។ បច្ច័យដែលទទួលបានពីអំពើបែបនេះគឺគ្មានអ្វីក្រៅតែពីផលអាក្រក់ដែល ជះមកលើខ្លួនឯងវិញនោះទេ ពោលគឺមិនខុសអ្វីពីអ្នក «បាចអង្កាមបញ្ច្រាសខ្យល់ ឬកាំបិតចិត្តដងឯង» នោះឡើយ។ ជាក់ស្តែងរាល់ទង្វើរបស់ទណ្ឌិត សម រង្ស៊ី តែងទទួលរងនូវការវាយបកពីសំណាក់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្វើឲ្យអ្នកនយោបាយ «សម្តីឥតគ្រាប់» រូបនេះជួបនឹងបរាជ័យដ៏ជូរចត់ ងើបមុខមិនរួចជាបន្តបន្ទាប់។
ទោះជាយ៉ាងនេះក៏ដោយក៏ សម រង្ស៊ី មិនព្រមកែប្រែយុទ្ធសាស្ត្ររបស់ខ្លួនឡើយ គឺនៅតែមានៈបន្តប្រីប្រាស់ល្បែង នយោបាយដដែលៗតទៅទៀតជាមួយយុវជនដែលជាអ្នកបន្តវេនរបស់បក្សកាន់អំណាច ជាពិសេសគឺបណ្ឌិត ហ៊ុន ម៉ាណែត។
«យុទ្ធសាស្ត្រដដែល លទ្ធផលក៏នៅតែដដែល»។ ជាក់ស្តែង ទណ្ឌិត សម រង្ស៊ី ស្ងាត់មាត់មិនហ៊ានឆ្លើយឆ្លងជាមួយលោក ហ៊ុន ម៉ាណែត ជុំវិញរឿងចោទប្រកាន់អំពី «សញ្ញាបត្រកំរិត២ ឬ សញ្ញាបត្រយោគយល់» ដែលលោក ហ៊ុន ម៉ាណែត ទទួលបានពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនោះឡើយ។
ភាពទ័លច្រកមិនហ៊ានហើបមាត់តទល់អំពីបញ្ហានេះក៍គ្មានអ្វីគួរឲ្យឆ្ងល់នោះទេ ពីព្រោះនរណាក៏ដឹងដែរថា អ្វីដែល សម រង្ស៊ី បាននិយាយគឺជារឿងមិនពិត និងគ្មានភស្តុតាងណាមួយមកបញ្ជាក់បាននោះឡើយ។ ចំណែក លោក ហ៊ុន ម៉ាណែត ដែលជា «មាសសុទ្ធមិនខ្លាចភ្លើង» ពិតជាមានប្រៀបទាំងស្រុងនិងបានវាយចំ ចំណុចខ្សោយ (Knock-out/ KO) របស់ សម រង្ស៊ី ដែលធ្វើឲ្យអ្នកនយោបាយ មាត់ត្រីកំភ្លាញរូបនេះរឹងថ្គាមហារមាត់មិនរួច។
ឥឡូវនេះសារទី២ របស់លោក ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងអ្នកបន្តវេនបានរុញទណ្ឌិត សម រង្ស៊ី ឲ្យផ្ទប់ជញ្ជាំងរើខ្លួនមិនរួចម្តងទៀតពីព្រោះរឿងចោទគេថា «ក្រាញអំណាចមិនទុកឱកាសឲ្យយុវជនជំនាន់ក្រោយ» គឺជាប្រធានបទរបស់ សម រង្ស៊ី និងគូកនដែលតែងតែទន្ទិញយ៉ាងរត់មាត់។ ប៉ុន្តែនៅលើសាច់ការជាក់ស្តែង ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយទណ្ឌិតរូបនេះ មិនបានគិតគូររៀបចំអ្នកបន្តវេននោះឡើយ ដោយសារតែខ្លួនចង់ធ្វើជាតួឯកនយោបាយប្រឆាំងផ្តាច់មុខតែម្នាក់ឯងរហូត «ផ្លុំផេះលែងហុយ» ក៏មិនព្រមផ្ទេរឲ្យអ្នកជំនាន់ក្រោយដែរ។ នេះជាភស្តុតាងដែលមិនអាចប្រកែក បានឡើយថា «សម រង្ស៊ី មិនបានធ្វើដូចមាត់ថានោះឡើយ»។
សារទី២ របស់លោក ហ៊ុន ម៉ាណែត ពិតជាបានវាយចំចំណុចខ្សោយ (Knock-out/ KO ) ម្តងទៀតរបស់ សម រង្ស៊ី ដែលធ្វើឲ្យអ្នកនយោបាយបរាជ័យមួយជីវិតរូប នេះទាល់ច្រកជាថ្មីម្តងទៀត។ បើនិយាយពីការប្រកួតកីឡាបាល់ទាត់វិញ គ្រាន់តែបើកឆាកក្នុងនាទីដំបូងលោក ហ៊ុន ម៉ាណែត បានទាត់ចូល «2-0» រួចទៅហើយ។
អ្វីដែលគួរឲ្យកត់សំគាល់នោះគឺ សម រង្ស៊ី ដែលធ្លាប់បានដើរក្រឡាអុកទាល់ ច្រកខ្លួនឯងរហូតតាំងពីចាប់ផ្តើមលេងជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន មកនោះ ឥឡូវនេះ អ្នកនយោបាយកំដរឆាករូបនេះ បាននិងកំពុងដើរក្រឡាអុកទាល់ច្រកខ្លួនឯងជាមួយឈាមថ្មីរបស់គណបក្សប្រជាជនកម្ពុជាបន្តទៀត។ ពីរស្នៀតដំបូងរបស់លោក ហ៊ុន ម៉ាណែត គ្រាន់តែជាការបើកឆាកកំដៅសាច់ដុំរបស់បេក្ខជននាយករដ្ឋមន្ត្រីអនាគតរបស់គណបក្សកាន់អណាចតែប៉ុណ្ណោះ។ ប៉ុន្តែពីរស្នៀតនេះក៏បានធ្វើឲ្យទណ្ឌិត សម រង្ស៊ី ងងឹតមុខនិងដួលដូចគោចាស់បាត់ទៅហើយដែរ។
សំណួរសំខាន់នៅត្រង់ថា ប្រសិនបើគោចាស់របស់ក្រុមប្រឆាំងខ្សោយដល់កម្រិតបែបនេះទៅហើយនោះ ចុះហេតុដូចម្តេចបានជាពួកគេ មិនព្រមបញ្ចេញមុខក្រុមអ្នកបន្តវេន? ចំលើយគឺដោយសារតែពួកគេគ្មានឆន្ទៈនយោបាយ រឺគ្មានអ្នកបន្តវេនតែម្តង។ នយោបាយតួឯក អាត្មានិយម និងការក្រាញអំណាចរបស់ សម រង្ស៊ី គឺជាមូលហេតុចម្បងដែលធ្វើឲ្យក្រុមប្រឆាំងគ្មានអ្នកបន្តវេន។
នយោបាយតួឯកនេះបានធ្វើឲ្យយុវជនក្រុមប្រឆាំងអស់សង្ឃឹម និងបែកបាក់គ្នាជាក្រុមតូចៗប្រៀបបាននឹងកែវមួយដែលធ្លាក់បែកជាបំណែករាប់ពាន់។ ក្នុងន័យនេះ គេអាចសន្និដ្ឋានបានថា៖
ទី១៖ ទណ្ឌិតសម រង្ស៊ី ពិតជាគ្មានឆន្ទៈរៀបចំអ្នកបន្តវេន និងពិតជា មិនបោះបង់ចោលនូវមហិច្ឆតាចង់ក្តាប់អំណាចក្នុងនាមជាតួឯកនៃក្រុមប្រឆាំងនោះឡើយ បើទោះបីជាខ្លួនមានអាយុ៧៣ឆ្នាំហើយក៏ដោយ ពីព្រោះនរណាក៏ដឹងដែរថា នយោបាយគឺជាឈ្នាន់សំរាប់អនុវត្តផែនការ សងសឹកគំនុំគ្រួសារផង និងជាប្រភពរស់របស់គ្រួសារសម រង្ស៊ី ផងតាមរយៈការប្រមូលប្រាក់ពីក្រុមអ្នកគាំទ្រផ្កាប់មុខរបស់ខ្លួនជាពិសេសអ្នកនៅក្រៅស្រុក។ «តើនេះមិនមែនជាការក្រាញអំណាចដែលធ្វើឲ្យយុវជន ស្រករក្រោយបាត់បង់ឱកាសទេឬ?»
ទី២៖ សកម្មភាពដដែលៗរបស់ សម រង្ស៊ី បានបង្ហាញឲ្យឃើញថា សារជាតិរបស់អ្នកនយោបាយរូបនេះឥតមានអ្វីប្រែប្រួលបន្តិចណាឡើយពោលគឺ សម រង្ស៊ី គឺ ជានិមិត្តរូបនៃនយោបាយលាបពណ៌ គំនុំសងសឹក និងជាគ្រូបង្វឹកនៃការនិយាយបង្ខូចបង្កាច់គូបដិបក្ខតាមរយៈវោហាសាស្ត្រ ដែលគ្មានភស្តុតាងនិងគ្មានការពិត។ ជាក់ស្តែង «ក្រុមឆ្កែកាច» ដែលជំនាញខាងជេរបញ្ចោរ អសីលធម៌ តាមបណ្តាញសង្គម សុទ្ធសឹងតែជាកូនជឹងរបស់ សម រង្ស៊ី។ សម្រាប់សង្គមខ្មែរ ជនជំពូកនេះត្រូវបានគេ
ចាត់ទុកជាជនក្រៅសង្គម។
ទី៣៖ ងាររបស់ សម រង្ស៊ី ដែល លោក ហ៊ុន ម៉ាណែត ហៅថាជា «អ្នកនយោបាយចាស់វស្សា តែខ្វះសេចក្តីហានក្លាក្នុងការទទួលខុសត្រូវ» គឺពិតជាត្រឹមត្រូវណាស់ ពីព្រោះក្នុងមួយជីវិតនយោបាយរបស់ សម រង្ស៊ី គ្មានទេពាក្យថា «ក្លាហាននិងទទួលខុសត្រូវ» គឺមានតែធ្វើជា«ជនកំសាកនិងគ្មានការទទួលខុសត្រូវរហូតមក»។
ទី៤៖ ទណ្ឌិត សម រង្ស៊ីពិតជាអ្នកនយោបាយមុខក្រាស មិនចេះខ្មាសអៀន និងជាជនទុច្ចរិត អសីលធម៌ពីព្រោះទោះជាអំពើស្មោគគ្រោកយ៉ាងណា ក៏អាចធ្វើបានដែរ។ ជាក់ស្តែង សូម្បីតែសញ្ញាបត្រក្មេងៗជំនាន់ក្រោយក៏ សម រង្ស៊ីខំប្រឹងប្រឌិតរឿងមួលបង្កាច់ដោយមិនគិតពីភាពសមរម្យនិងសេចក្តីថ្លៃថ្នូរឡើយ។
ទី៥៖ កំណត់ត្រាបានបង្ហាញថា សម រង្ស៊ី អាចឈរជើងក្នុងឆាកនយោបាយមកដល់បច្ចុប្បន្នគឺដោយសារតែបាន «តោងកាលីប» មេដឹកនាំគណបក្សកាន់អំណាចតែប៉ុណ្ណោះ ជាពិសេសគឺ «តោងកាលីប» នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ឥឡូវនេះនៅពេលដែលគណបក្សប្រជាជនកម្ពុជា បានរៀបចំយុវជនជំនាន់ថ្មីដ៏មានសក្តានុពលសម្រាប់បន្តវេន ទណ្ឌិត សម រង្ស៊ី ក៏មក «តោងកាលីប» អ្នកជំនាន់ថ្មីរបស់បក្សកាន់អំណាចបន្តទៀតដើម្បីគ្រាន់តែសុំឲ្យគេហៅឈ្មោះតែប៉ុណ្ណោះ បើទោះបីជាហៅក្នុងន័យអាក្រក់យ៉ាងណា ក៏ដោយចុះ។
សរុបមកវិញ ការរៀបចំអ្នកបន្តវេនគឺជារឿងសំខាន់ណាស់សម្រាប់ឆាកនយោបាយកម្ពុជា ពីព្រោះអ្នកនយោបាយជំនាន់មុនសុទ្ធតែមានវ័យចំណាស់ៗអស់ហើយ។ ប៉ុន្តែទីបំផុត មានតែគណបក្សប្រជាជនកម្ពុជាទេដែលបានគិតគូរ និងបានរៀបចំថ្នាលបណ្តុះបណ្តាលយុវជន ជំនាន់ក្រោយរហូតឈានដល់ការបញ្ចេញ តួអង្គអ្នកបន្តវេនជាផ្លូវការនាពេលនេះ។
ចំណែកឯក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយ សម រង្ស៊ី មិនបានគិតគូរអំពីបញ្ហានេះឡើយ។ នេះជាចំណុចខ្សោយដ៏ធំបំផុតមួយរបស់ សម រង្ស៊ី ដែលមិនអាចឆ្លើយតបជាមួយនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន។តទៅមុខ ប្រសិនបើក្រុមប្រឆាំងគ្មានអ្នកបន្តវេនទេ ពួកគេពិតជាអស់ឱកាសហើយពីព្រោះសូមកុំ ភ្លេចថា ការបណ្តុះបណ្តាលអ្នកបន្តវេនត្រូវការពេលវេលាយូរណាស់ដោយសារម្យ៉ាង ត្រូវការការគាំទ្រពីផ្ទៃក្នុងបក្ស និងម្យ៉ាងទៀតត្រូវការបេក្ខជនដែល មានសមត្ថភាព ហើយរៀនធ្វើ ការបណ្តើរៗមុននឹងចេញមុខជាសាធារណៈ។ ក្នុងស្ថានភាពបែកបាក់ផ្ទៃក្នុងយ៉ាងខ្លាំង និងក្នុងខណៈពេលដែលយុវជនជំនាន់ក្រោយបាននិងកំពុងចាកចេញពី ទណ្ឌិត សម រង្ស៊ី ស្ទើរតែអស់ទៅ ហើយនោះ តើអ្នកនយោបាយអាយុ៧៣ឆ្នាំរូបនេះមានពេលវេលាឯណាដើម្បីរៀបចំអ្នកបន្តវេន? តើអ្នកបន្តវេនរបស់ក្រុមប្រឆាំងនៅឯណា??? គឺជាសំណួរដែលគ្មានចម្លើយជារៀងរហូត៕
ដោយ៖ អ្នកនយោបាយតុកាហ្វេ