(កោះកុង)៖ លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២នេះថា ក្នុងឱកាសឆ្លងឆ្នាំសកលឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២ ខេត្តកោះកុងមាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកដំណើរកំសាន្តកម្សាន្តតាមរមណីយ៍ដ្ឋាន និងតំបន់ទេសចរណ៍នានា នៅក្នុងខេត្តកោះកុង មានភ្ញៀវជាតិចំនួន២៥,០០៤នាក់ ភ្ញៀវអន្តរជាតិមានចំនួន២២នាក់ សរុបចំនួន២៥,០២៦នាក់។
លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ បានបន្តថា ក្នុងឱកាសបុណ្យចូលឆ្នាំសកល២០២២នេះដែរ មន្ទីរទេសចរណ៍បានសហការ ជាមួយអាជ្ញាធរដែនដី ក្នុងការផ្សព្វផ្សាយអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលពីវិធានការបង្កាទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ឲ្យបានជាប់ជានិច្ច អនុវត្តន៍នូវ (៣ការពារ ៣កុំ) ត្រូវមានអនាម័យខ្ពស់ ហើយម្ចាស់រមណីយ៍ដ្ឋាន អាហាដ្ឋាននិមួយៗ ត្រូវធ្វើការថែរក្សាអនាម័យបរិស្ថានជុំវិញខ្លួន ត្រូវផ្តល់ព័ត័មានជូនភ្ញៀវជាតិ អន្តរជាតិដែលចូលមកកម្សាន្ត ឲ្យទូលំទូលាយ។
ក្នុងឱកាសនោះដែល គណៈបញ្ជាការឯកភាពខេត្ត បានដាក់ចេញវិធានការ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរ ប្រជាពលរដ្ឋ ដោយមានកម្លាំងសមត្ថកិច្ច ធ្វើការចេញល្បាត និងឈរជើងនៅតាមចំណុចគោលដៅ សំខាន់ៗដើម្បីធានាសុវត្ថិភាព នៅទីសាធារណៈនានា ជូនដល់ប្រជាពលរដ្ឋទាំងភ្ញៀវជាតិ-អន្តរជាតិ ក្នុងដំណើរកម្សាន្តក្នុងពីធីឆ្លងឆ្នាំសកល២០២២៕