(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា ជាមន្ត្រី CPP ត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព ចំណេះដឹង តាមគោលដៅរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដាក់ជូនក្នុងការចូលរួមគាំទ្រ បំរើប្រជាជនតាមមូលដ្ឋានឲ្យល្អប្រសើរ។
ការថ្លែងបែបនេះ ក្នុងឱកាសដែលលោក វង សូត ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង អញ្ជើញសន្និបាតបូកសរុបលទ្ធផល ការងារយៈពេល៥ឆ្នាំ២០១៧-២០២២ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំអាណត្តិទី៥ឆ្នាំ២០២២-២០២៧ របស់គណៈកម្មាធិការបក្សមូលដ្ឋានឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២១។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រី វង សូត បានជំរុញដល់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានឃុំកក់នេះ ត្រូវបន្តពង្រឹង សាមគ្គីភាពគ្នាផ្ទៃក្នុងរបស់គណបក្ស និងធ្វើឲ្យមានតម្លាភាព យុត្តិធម៌ ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមមូលដ្ឋាន ពោលគឺធ្វើយ៉ាងណាលើកកម្ពស់ជីវភាព របស់គ្រួសារនីមួយៗ តាមមូលដ្ឋានល្អប្រសើរ។
បន្ថែមលើនេះទៀត រដ្ឋមន្ត្រី វង សូត បានស្នើដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា ត្រូវយកចិត្តទុកដាក់លើសមាជិកខ្លួននៅតាមភូមិឃុំ ទាំងសុខមាលភាព និងការប្រកបរបរប្រចាំថ្ងៃ ស្របតាមគោលនយោបាយគណបក្សប្រជាជនកម្ពុជា។
លោកគណអធិបតី សង្ឃឹមយ៉ាងមុតមាំថា សម្រាប់ ការបោះឆ្នោតអាណត្តិទី៥ ខាងមុខនេះ គណបក្សប្រជាជនកម្ពុជា នឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ និងទទួលលទ្ធផលជោគជ័យល្អប្រសើរ៕