(កំពង់ឆ្នាំង)៖ លោកយាយ ប៉ិ តុំ អាយុ៧៨ឆ្នាំ រស់នៅភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងរស់នៅក្នុងជីវភាពលំបាកលំបិន ថែមទាំងទទួលភារៈចិញ្ចឹមចៅប្រុស២នាក់តាំងពីពួកគេនៅតូចៗដែលត្រូវម្ដាយឪពុកបានបោះបង់ចោល។
បច្ចុប្បន្នលោកយាយរស់ក្នុងស្ថានភាពក្រីក្រលំបាកខ្វះខាតជីវភាពប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះជាង១០ថ្ងៃមកនេះ លោកយាយក៏ត្រូវរងគ្រោះរលាកទឹកសម្លរលើជើងខាងឆ្វេង ដែលជាការនាំមកនូវផលលំបាកមកដល់លោកយាយបន្ថែមទៀត ធ្វើឱ្យលោកយាយមិនអាចដើរហើររកស៉ិចិញ្ចឹមចៅៗបាន។
លោកយាយបានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា កូនស្រីរបស់លោកយាយ ក្រោយពីបានលែងលះជាមួយប្តី គេបានទៅធ្វើជាកម្មកររោងចក្រនៅខេត្តឆ្ងាយ បន្សល់ទុកកូនប្រុស២នាក់ ឱ្យលោកយាយចិញ្ចឹម និងថែរក្សាតាំងពីតូចៗទើបតែមានអាយុ ២ឆ្នាំ។ រហូតមកពេលនេះ ចៅបងមានអាយុ១៤ឆ្នាំហើយ ចំណែកម្ដាយរបស់គេតាំងពីបែកចេញពីកូនទៅ គេមកលេងផ្ទះបានម្ដង តែមិនមានអ្វីយកមកឱ្យលោកយាយនឹងកូននោះទេ និងថែមទាំងឱ្យលោកយាយរកលុយសម្រាប់ឲ្យគេធ្វើសាហ៊ុយត្រឡប់ទៅវិញថែមទៀត។
លោកយាយបានបន្តថា ពីមុនមកលោកយាយក៏មានដីធ្លី និងដីស្រែចិញ្ចឹមជីវិតនឹងគេផងដែរ ប៉ុន្តែនៅពេលប្ដីរបស់លោកយាយឈឺធ្ងន់លោកយាយបានយកដីលំនៅដ្ឋាននិងដីស្រែទៅបញ្ចាំធនាគារយកថវិកាមើលជំងឺប្ដី តែជាអកុសលប្តីលោកយាយក៏បានស្លាប់។ ចំណែកដីលំនៅឋាន និងដីស្រែក៏ត្រូវបានធនាគាររឹបអូសយកអស់ទៅ។
សព្វថ្ងៃលោក យាយបានសុំដីអ្នកជិតខាងសង់ខ្ទមស្លឹកតូចមួយសម្រាប់នាំចៅរស់នៅជាបណ្តោះអាសន្នប៉ុណ្ណោះ តែបច្ចុប្បន្នខ្ទមស្លឹកតូចនេះ មានសភាពទ្រុឌទ្រោមណាស់ទៅហើយ លោកយាយក៏មិនមានប្រាក់ដើម្បីជួសជុលនោះឡើយ។ លោកយាយបា្រប់ថា ចៅប្រុសទាំង២នាក់ ដែលលោកយាយខំចិញ្ចឹមតាំងពីតូចមកនោះ ម្នាក់មានអាយុ១៤ឆ្នាំ និងម្នាក់ទៀតអាយុ១០ឆ្នាំហើយ។
សព្វថ្ងៃលោកយាយប្រកបមុខរបរធ្វើបាយសី និងធ្វើស្លាធម៌ ជាមួយចៅ និងអ្នកភូមិដើម្បីលក់យកប្រាក់ចិញ្ចឹមជីវិត មួយចំណែកទៀតផ្ដល់ឱ្យចៅរៀន។ លោកយាយថា មុខរបរនេះមិនបានលក់រាល់ថ្ងៃនោះទេទាល់តែមានគេមកកម្មង់ទើបបានធ្វើ សព្វថ្ងៃនេះលោកយាយប្រឹងរស់យ៉ាងត្រដាបត្រដួសជាមួយចៅ លោកយាយមិនដែលបានស្រួល និងបានហូបឆ្ងាញ់នឹងគេម្តងណានោះទេ។
លោកយាយបានបន្តថា ថ្ងៃដែលរលាកទឹកសម្លរថ្ងៃនោះដែរលោកយាយស្លរកកូរផ្លែត្នោតជាមួយនឹងទឹកខ្លាញ់ជ្រូក មិនមានសាច់នោះទេ។ នៅពេលសម្លរឆ្អិនហើយ លោកយាយបានលើកឆ្នាំងសម្លរមក តែឆ្នាំងបានជាប់ជាមួយជើងឆ្នាំង ហើយខ្ទាស់ដៃ ក៏កំពប់ទឹកសម្លរស្រោចមកលើជើង និងភ្លៅខាងឆ្វេងលោកយាយ បណ្ដាលឱ្យរលាករលួយរងរបួសធ្ងន់ធ្ងរ។ ដោយសារតែភាពក្រីក្រលោកយាយមិនបានទៅព្យាបាលនៅមន្ទីរពេទ្យនោះទេ គឺបានអ្នកស្រុកជិតខាងជួយទិញថ្នាំពេទ្យមកលាបលើមុខរបួសព្យាបាលនៅផ្ទះ។
លោកយាយបានលើកដៃសំពះ សំណូម ពរដល់សប្បុរសជនដែលលោកមានចិត្តសប្បុរសធម៌ ជិតឆ្ងាយ និងកាកបាទក្រហមកម្ពុជា មេត្តាជួយសង្គ្រោះលោក យាយនិងចៅប្រុសរបស់លោកយាយទាំង ២នាក់ដោយក្តីសន្តោសប្រណីផង ព្រោះបច្ចុប្បន្នលោកយាយមានជីវភាពលំបាក និងមិនមានផ្ទះសម្បែងសមរម្យ។ ចំណែកដីដែលលោកយាយសង់ខ្ទមរស់នៅសព្វថ្ងៃនេះ គឺដីគេ៕