(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល និងចុះចែកអំណោយជូនដល់ ប្រជាពលរដ្ឋ ២២គ្រួសារ ដែលរងការប៉ះពាល់ដោយសារខ្យល់កន្រ្តាក់ នៅស្រុកព្រះនេត្រព្រះ។
ប្រជាពលរដ្ឋ ២២គ្រួសារ មកពី០៣ភូមិមានភូមិតាអំ ភូមិកំព្រាម ភូមិអន្លង់សា នៅក្នុងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី២៣ខែមេសា ឆ្នាំ២០១៦ បានមកទទួលអំណោយពីលោក កែ គឹមយ៉ាន នៅក្នុងបរិវេណវត្តទន្លាប់ ក្នុងភូមិទន្លាប់ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី បានពាំនាំនូវការផ្ដាំផ្ញើ និងសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលសម្តេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋយើងទាំងអស់គ្នា ពិសេសប្រជាពលរដ្ឋយើង ទាំង២២គ្រួសារដែល ជូបនូវគ្រោះធម្មជាតិខ្យល់កន្រ្តាក់នាពេលនេះ។
លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ា បាននាំយកនូវអំណោយមួយចំនួន ដើម្បីចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ២២គ្រួសារ ដែលក្នុង១គ្រួសារបានទទួលអំណោយមាន៖ មី១កេះតូច នំ១ធុងតូច ទឹកសុទ្ធ២យួរ ទឹកស៊ីអ៉ីវ១យួរ ទឹកត្រី១យួរ សារុង១ ថវិកា ២ម៉ឺនរៀល។
ក្រៅពីនោះក៏មានការចែកអំណោយដល់លោកតានិងលោកយាយចាស់ៗ ១០០នាក់ ទទួលបានវ៉ែនតាម្នាក់១និងសារុង១ ទឹកសុទ្ធម្នាក់ ១យួរដែរ។ ប្រជាជន១០០នាក់ដែលបានចូលរួមទទួលបានទឹកសុទ្ធ១យួរ និងសារុង១ដែរក្នុងម្នាក់ ៕