(ភ្នំពេញ)៖ លោក ស្រី ចំរើន បានថ្លែងប្រាប់អង្គភាព Fresh News នៅប៉ុន្មាននាទីមុននេះថា នៅថ្ងៃស្អែកវេលាម៉ោងប្រមាណ២រសៀល លោក នឹងដឹកនាំក្រុមយុវជន និស្សិត និងពលរដ្ឋប្រមាណ១០០០នាក់ ដាក់ញត្តិស្នើសុំទៅកាន់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីដាក់វិន័យលើលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលបានប្រព្រឹត្តិអំពើពេស្យាចារ ជួញដូរផ្លូវភេទ ដែលប៉ះពាល់ធ្ងន់ធ្ងរវប្បធម៌សង្គម និងកិត្តិយសរដ្ឋសភាកម្ពុជា។
លោក ស្រី ចំរើន បានបញ្ជាក់ថា បន្ទាប់ពីប្រមូលផ្តុំគ្នាប្រមាណ១០០០នាក់ នៅខាងមុខរដ្ឋសភាជាតិដើម្បីដាក់ញត្តិរួចហើយ ក្រុមរបស់លោកប្រមាណ២០នាក់ នឹងបន្តហែញត្តិទៅកាន់ស្ថានទូតអាមេរិកបន្តទៀត។
តំណាងក្រុមយុវជនរូបនោះ បានអះអាងយ៉ាងដូច្នេះថា «ថ្ងៃទី២៤ ខែមេសានេះ ម៉ោង២រសៀល នៅរដ្ឋសភា ខ្ញុំបាទនឹងដឹកនាំយុវជន និស្សិត និងពលរដ្ឋ (១០០០នាក់) ដាក់ញត្តិស្នើសុំសម្តេចប្រធានរដ្ឋសភា ដាក់វិន័យលើលោក កឹម សុខា ដែលបានប្រព្រឹត្តិអំពើបេស្យាចារ ជួញដូរផ្លូវភេទ ដែលប៉ះពាល់ធ្ងន់ធ្ងរវប្បធម៌សង្គម និងកិត្តិយសរដ្ឋសភាកម្ពុជា និងហែញត្តិ(២០នាក់) ទៅដាក់នៅស្ថានទូតអាមេរិក»។
សូមជំរាបថា នៅរសៀលម៉ោងប្រមាណ១៤៖០០នាទីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ កញ្ញា ធី សុវណ្ណាថា អតីតអ្នកគាំទ្រ គណបក្សសង្រ្គោះជាតិ បានប្រកាសប្តឹង លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ដោយទាមទារសំណងជំងឺចិត្ត ១លានដុល្លារសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍លើរូបនាង ហើយថា សំណងជាទឹកប្រាក់នេះនាងនឹងយកទៅជួយដល់កុមារកំព្រា។
កញ្ញា ធី សុវណ្ណថា បានប្រកាសបែបនេះ នៅក្នុងសន្និសីទកាសែតមួយ នាសណ្ឋាគាសាន់វ៉េ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធនឹងដំណើរការនៃការប្តឹង លោក កឹម សុខា និយាយបរិហារកេរ្តិ៍លើរូបនាង៕