(ភ្នំពេញ)៖ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ អាវុធហត្ថរាជធានីភ្នំពេញ ទើបតែបញ្ជូនចោរឆក់២នាក់ ទៅកាន់តុលាការ ហើយត្រូវបានចៅក្រមចេញដីកាឃុំខ្លួនបណ្តោះអាសន្ន ក្នុងពន្ធនាគារព្រៃស ស្រាប់តែនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យជាចោរឆក់បន្ថែម៤នាក់ទៀត ទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាបន្ត។

ជនសង្ស័យ៤នាក់ក្រោយនេះ មិនត្រឹមតែពាក់ព័ន្ធករណីឆក់យ៉ាងសកម្ម ទាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទាំងក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺប៉ុណ្ណោះទេ ថែមទាំងធ្លាប់ធ្វើសកម្មភាព កាប់ប្លន់យកម៉ូតូផងដែរ។

ជនសង្ស័យទាំង៤នាក់រួមមាន៖

*ទី១៖ ឈ្មោះ អ៊ីម បញ្ញា ហៅអាញ៉ា អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាមេក្លោងឆក់យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងស្រុកអង្គស្នូល) បច្ចុប្បន្នស្នាក់នៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្តាល។
*ទី២៖ ឈ្មោះ ជា ដេវីត អាយុ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅ ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្តាល (ជាបក្ខពួកចូលរួមធ្វើសកម្មភាព)។
*ទី៣៖ ឈ្មោះ ជួន វិសាល ហៅអាបឺក អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្តាល (ជាបក្ខពួកចូលរួមធ្វើសកម្មភាព)។
*ទី៤៖ ឈ្មោះ ប៉ោ ឆេង ហៅអាហុង អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (ជាបក្ខពួកចូលរួមធ្វើសកម្មភាព)។

របាយការណ៍របស់អាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ដំបូងនៅវេលាម៉ោង ៨៖៣០នាទីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខណ្ឌកំបូល បានឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ឈ្មោះ ជា ដេវីត ពាក់ព័ន្ធករណីឆក់កាបូប កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ៤ ស្ថិតនៅ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល។

ជនសង្ស័យរូបនេះ បានសារភាពឲ្យដឹងថា ខ្លូនពិតជាបានចូលរួមក្នុងសកម្មភាពឆក់កាបូបនៅចំណុចផ្លូវជាតិលេខ៤ បានសម្រេចពិតប្រាកដមែន ដោយមានគ្នា៦នាក់ ហើយធ្វើសកម្មភាពដោយជិះម៉ូតូចំនួន៥គ្រឿង។ ជនសង្ស័យក៏បានឆ្លើយថា ខ្លូនក៏មានបង្កើតក្រុមមួយឈ្មោះថា (PBCបែកចាន) ធ្លាប់កាប់ប្លន់ម៉ូតូម៉ាក Beat ១គ្រឿង បានសម្រេចផងដែរ នៅចំណុចផ្លូវជាតិលេខ៤ មុខសួនឧស្សាហកម្ម ឈានហុង។ ក្នុងធីម PBC បែកចានមានគ្នា១៥នាក់។

តាមរយៈការបំភ្លឺរបស់ជនសង្ស័យឈ្មោះ ជា ដេវីត ក្នុងថ្ងៃដដែលកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល សហការជាមួយការិយាល័យបង្រ្កាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានអាវុធហត្ថ ស្រុកអង្គស្នូល បានបន្តទៅឃាត់ខ្លូនបក្ខពួកជនសង្ស័យជាបន្តបន្ទាប់ចំនួន៣នាក់បន្ថែមទៀត នៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្តាល និងចំណុចផ្លូវលំភូមិ ដំណាក់រាំង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ចំណែកបក្ខពួកដែលនៅសេសសល់ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕