(ភ្នំពេញ)៖ ក្រុមបាតុករខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើល ចំនួន៩នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃឆ្លងឆ្នាំ បន្ទាប់ពីពួកគេ ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ នេះបើតាមសេចក្តីបំភ្លឺព័ត៌មានរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។
ការចាប់ខ្លួននេះបានធ្វើឡើង នៅវេលាម៉ោង៧យប់ ដោយបុគ្គលចំនួន០៩រូបនេះ ត្រូវបានសមត្ថកិច្ចអះអាងថា បានរៀបចំបាតុកម្ម ដោយខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើល ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ។
សេចក្តីបំភ្លឺព័ត៌មានរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ដូច្នេះថា៖ «មុននឹងអនុវត្តវិធានការច្បាប់ ចាប់ឃាត់ខ្លួនមេដឹកនាំបាតុកម្មទាំងនេះ រដ្ឋបាល រាជធានីភ្នំពេញ បានធ្វើការអំពាវនាវច្រើនលើកច្រើនសារឲ្យពួកគេបញ្ឈប់សកម្មភាពតវ៉ ដោយខុសច្បាប់សំដៅធ្វើយ៉ាងណារក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ប៉ុន្តែពួកមេដឹកនាំបាតុកម្មមិនស្ដាប់តាមការអំពាវនាវរបស់អាជ្ញាធរ ហើយបន្តអូសបន្លាយបាតុកម្មអស់រយៈពេល ១៣ថ្ងៃមកហើយ» ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមទៀតថា ការចាប់ឃាត់ខ្លួនបុគ្គលចំនួន ០៩រូបនេះ គឺអនុលោមទៅតាមមាត្រា ៤៩៤ ៤៩៥ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងអនុវត្ត នីតិវិធីទៅតាមវិធានការច្បាប់ ។
នៅមុនមានការចាប់ខ្លួនមេក្រុមបាតុករទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្របសម្រួល និងអំពាវនាវឲ្យពួកគេផ្អាកសកម្មភាព ដើម្បីអបអរសាទរដល់ការឆ្លងឆ្នាំ បុណ្យចូលឆ្នាំសកល ២០២២ ប៉ុន្តែពួកគេពុំបានបញ្ឈប់តាមការអំពាវនាវនោះឡើយ។
សំឡេងមេក្រុមបាតុករ ត្រូវបានទម្លាយដោយ Facebook បង្ហាញឲ្យដឹងថា ពួកគេមានគម្រោងបិទផ្លូវសាធារណៈ និងបិទច្រកចេញចូលរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលជាសកម្មភាពតវ៉ាខុសច្បាប់ថែមទៀតផង៕