(ឆ្លូង-ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយសហការី បានចុះទៅប្រជុំការងារនៅក្នុងមូលដ្ឋានស្រុកឆ្លូង ដើម្បីត្រៀមរៀបចំសន្និបាតឃុំឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ក្នុងពេលដែលនៅទូទាំងប្រទេសកំពុងចូលរួមអបអរសាទរខួបលើកទី២៣ នៃទិវានយោបាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១) ដែលបានបញ្ចប់សង្គ្រាម នៅកម្ពុជានាំមកនូវ សុខសន្តិភាព និងការឯកភាព ជាតិពេញលេញ។

កិច្ចប្រជុំការងារខាងលើ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅស្នាក់ការគណបក្សប្រជាជនស្រុកឆ្លូង ដោយមានការចូលរួមពីសំណាក់អ្នកតំណាងរាស្រ្តមណ្ឌលខេត្តក្រចេះ លោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាល ខេត្ត លោកស្រី អស់លោក ជាប្រធាន អនុប្រធាន និងសមាជិក ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក គណៈកម្មាធិការគណបក្សឃុំទាំង៨ និងគណៈសាខាបក្សភូមិទាំងអស់ក្នុងស្រុកឆ្លូង ព្រមទាំងមន្ត្រី មូលដ្ឋានសរុបប្រមាណជាង ៣០០នាក់។

បន្ទាប់ពីសេចក្តីរាយការណ៍របស់លោក ហេង សុថា អភិបាលស្រុកឆ្លូងរួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានផ្តល់ ឱកាសដល់សមាជិកសមាជិកាអង្គប្រជុំ ពិសេសគណៈបក្សឃុំ និង គណៈសាខាបក្សភូមិ ឱ្យរួម យោបល់ផុលផុសវាយតម្លៃស្ថានភាពជាក់ស្តែងដែលកើតមានឡើងនៅតាមមូលដ្ឋាន ដើម្បីរៀប ចំការត្រួតពិនិត្យសមិទ្ធផលការងារ រយៈពេល៥ឆ្នាំកន្លង និងកសាងផែនការអភិវឌ្ឍឃុំ សង្កាត់៥ឆ្នាំបន្ត (២០២២-២០២៧) សំរាប់ត្រៀមបើកសន្និបាតឃុំ នីមួយៗឱ្យបានបញ្ចប់មុនដំណាច់ខែមករា ឆ្នាំ២០២២ខាងមុខ។

លោករដ្ឋមន្ត្រីក៏បានថ្លែងកោតសរសើរគណបក្សខេត្ត ស្រុក និងក្រុមការងារ គណបក្ស គ្រប់លំដាប់ ថ្នាក់ ក្នុងខេត្តក្រចេះ ដែលបានខិតខំរួមគ្នា អនុវត្តសម្រេចបានផែនការសកម្មភាពសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោត ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ពិសេស ពង្រឹងសាមគ្គីភាពផ្ទៃក្នុងធ្វើការ ជ្រើសរើសបេក្ខជនដែលមានលក្ខណៈសម្បត្តិល្អ ដើម្បីឈរឈ្មោះសំរាប់ការបោះឆ្នោត នាពេលខាងមុខ។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តីបានបញ្ជាក់ជំហរ ក្នុងនាមអង្គប្រជុំទាំងមូលនូវមតិជាឯកច្ឆ័ន្ទបន្តគាំទ្រ បេក្ខភាព សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងគាំទ្របេក្ខភាពបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសំរាប់អនាគត ដើម្បីបន្តថែរក្សា សុខសន្តិភាព វឌ្ឍនភាព វិបុលភាព របស់មាតុភូមិកម្ពុជា ក្រោមមគ្គុទេសក៍ដឹកនាំដ៏ថ្លៃថ្លា និង មុះមុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋា ភិបាលកម្ពុជា។

មុននឹងបញ្ចប់កិច្ចសំណេះសំណាល លោករដ្ឋមន្ត្រី ព្រុំ សុខា បានលើកទឹកចិត្តមន្រ្តីនៅមូលដ្ឋានត្រូវរួមសាមគ្គីគ្នាជំរុញ ខ្លាំងក្លាចលនាសកម្មភាពជាក់ស្តែងនៃអំពើល្អគ្រប់ពេលវេលា គ្រប់ទីកន្លែង ដើម្បីបន្តចូលរួមចលនាជាតិប្រយុទ្ធប្រឆាំងទប់ស្កាត់ គ្រប់គ្រង ជំងឺកូវីដ -១៩ និង ដោះស្រាយរាល់ផលប៉ះពាល់បង្កឡើងដោយជំងឺដ៏កាចសាហាវនេះ រួមចំណែកពង្រឹងជំហានបើកសេដ្ឋកិច្ច និងសង្គមជាតិឡើងវិញឱ្យឈានទៅមុខជាលំដាប់យ៉ាងរឹងមាំតរៀងទៅ៕