(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ បានដឹកនាំសហការី នាំយកទឹកសុទ្ធចំនួន៤៥០យួរ យកទៅចែកជូន ប្រជាពលរដ្ឋចំនួន២២៣គ្រួសារ នៅភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ ដែលកំពុងខ្វះខាតទឹកបរិភោគ។
មន្រ្តីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ចំពោះទឹកសំរាប់ប្រើប្រាស់វិញ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាទិញពីអ្នកដឹកទឹកលក់ ជាច្រើនរថយន្ត យកមកចែកជូនប្រជាពលរដ្ឋ ទាំង២២៣គ្រួសារបានគ្រប់ៗគ្រួសារផងដែរ។ សកម្មភាពដឹកជញ្ជូនទឹក របស់កងកម្លាំងនគរបាល ខេត្តព្រះសីហនុខាងលើនេះ បានធ្វើឡើងក្រោយពេលដែលលោកស្នងការ បានទទួលព័ត៌មានថា ប្រជាពលរដ្ឋនៅតំបន់នោះ កំពុងមានការខ្វះទឹក ប្រើប្រាស់ និងហូបចុកប្រចាំថ្ងៃ។
ប្រជាពលរដ្ឋនៅទីនោះ ដែលនាំគ្នាយកធុងមកដាក់ទឹក យ៉ាងប្រសេចប្រសាចបានបង្ហាញក្តីសប្បាយរីករាយយ៉ាងខ្លាំង និងថ្លែងអំណរគុណដល់លោកស្នងការ និងក្រុមការងារទាំងអស់ ដែលបានគិតគូរ និងដោះស្រាយបញ្ហាទាន់សភាពការណ៍។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជំរុញទៅអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ទាំងត្រូវបង្កើនការយកចិត្តទុកដាក់ និងជួយអន្តរាគមន៍ទាន់ពេលវេលាចំពោះការខ្វះខាតទឹកប្រើប្រាស់ របស់ប្រជាពលរដ្ឋ តាមមូលដ្ឋានរបស់ខ្លួន៕