(ភ្នំពេញ)៖ ឆ្នាំ២០២១ ជាពេលវេលាដ៏លំបាក និងជាពិសោធន៍ជីវិតដ៏ជូរចត់មួយសម្រាប់មនុស្សលើភពផែនដី រួមទាំងប្រជាពលរដ្ឋកម្ពុជា ព្រោះតែការរាតត្បាតដ៏ខ្លាំងក្លានៃមេរោគកូវីដ១៩។ សម្រាប់កម្ពុជាឆ្នាំ២០២១ ត្រូវបានចាប់ផ្តើមដ៏ល្អ បន្ទាប់ពីការបិទបញ្ចប់ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ២៨ វិច្ឆិកា ឆ្នាំ២០២០ តែការចូលមកជំនួសនូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានធ្វើឱ្យប្រជាជនកម្ពុជាជួបស្ថានភាពដ៏លំបាកសម្រាប់ការរស់នៅ និងការធ្វើអាជីវកម្ម។
ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញ និងអនុវត្តន៍វិធានការក្តៅជាច្រើន ក្នុងនោះរួមមានទាំងការបិទខ្ទប់ប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះ រឹតត្បិតការធ្វើចរាចរណ៍ជាដើម។ វិធានការប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩ បានធ្វើឱ្យអាជីវកម្មជាច្រើនប្រឈមបញ្ហា ហើយឈានទៅដួលរលំ ប្រជាពលរដ្ឋខ្មែរមួយចំនួនក៏បាត់បង់ការងារ ប្រឈមការខ្វះខាតក្នុងជីវភាព។
ដួលរលំអាជីវកម្ម និងបាត់បង់ការងារជារឿងរ៉ាវដ៏អាសូរមួយសម្រាប់ឆ្នាំ២០២១ ប៉ុន្តែអ្វីកាន់តែសង្វេគខ្លាំងថែមទៀតនោះ ប្រជាពលរដ្ឋខ្លះ ត្រូវបានបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់របស់ខ្លួន ព្រោះតែមេរោគឆ្លងសាកលកូវីដ១៩។
ឧបសគ្គ ការលំបាក មិនអាចបិទបញ្ចប់ដំណើរជីវិតលើភពផែនកដីនេះឡើយ។ ទន្ទឹមការលេចឡើងនូវវត្តមានឧសគ្គ និងការលំបាកនានានៃជំងឺកូវីដ១៩នេះ វត្តមាននៃស្មារតីតស៊ូប្រឹងប្រែងរបស់ប្រជាពលរដ្ឋកម្ពុជា ក៏បានស្ទុះឡើងព្រមគ្នាផងដែរ រាប់ចាប់ពីថ្នាក់ដឹកនាំជាតិ រហូតដល់ប្រជាពលរដ្ឋទូទៅ ដើម្បីជម្នះមេរោគកូវីដ១៩ ដោយការអនុវត្តតាមវិធានសុខាភិបាល អនុវត្តវិធាន «៣កុំ និង៣ការពារ» ជាពិសេសយុទ្ធនាការនៃការផ្តល់ និងទទួលយកវ៉ាក់សាំង។
ស្មារតីនៃការរួបរួមដ៏អស្ចារ្យរវាងថ្នាក់ដឹកនាំជាតិ និងប្រជាពលរដ្ឋគ្រប់រូប នៅទីបំផុតបានធ្វើឱ្យកម្ពុជាយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩ ឈានទៅបើកសកម្មភាពសេដ្ឋកិច្ច និងការរស់នៅកាន់តែទូលាយនៅថ្ងៃទី០១ ខែវិច្ឆិកា ហើយឈានដល់ការបិទព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីវាបានរាតត្បាតអស់រយៈពេល១០ខែ។ ការយកឈ្នះលើជំងឺកូវីដ១៩ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរកំពុងត្រៀមខ្លួនជម្រុះចោលនូវភាពសៅហ្មងឆ្នាំចាស់ ហើយរង់ចាំទទួលនូវភាពរីករាយសម្រាប់ឆ្នាំថ្មី។
ការកន្លងផុតទៅនៃថេរវេលា៣៦៥ថ្ងៃក្នុងឆ្នាំ២០២១ ជាការបិទបញ្ចប់នូវពេលវេលាដ៏សែនលំបាកមួយសម្រាប់ជាតិ និងប្រជាជនកម្ពុជា ហើយបានបន្សល់នូវអនុស្សាវរីយ៍ជូរចត់ជាច្រើន។ ២០២១ ទន្ទឹមនឹងការបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ជូរចត់យ៉ាងណាក្តី តែក៏បានបន្សល់នូវស្មារតីនៃការរួបរួម ការប្រឹងប្រែងដ៏អស្ចារ្យសម្រាប់ប្រជាជាតិកម្ពុជា ក្នុងការប្រយុទ្ធនឹងមេរោគកូវីដ១៩។
នៅក្នុងឆ្នាំ២០២១ ក្នុងនាមជាបណ្តាញព័ត៌មាន មានប្រជាប្រិយភាពមួយនៅកម្ពុជា Fresh News ក៏បានធ្វើសកម្មភាពជាច្រើន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងសកម្មភាពប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩។ បើទោះបីក្នុងកំឡុងពេលបិទខ្ទប់យ៉ាងណាក្តី តែ Fresh News នៅបន្តផ្តល់ព័ត៌មានជូនមិត្តអ្នកអាន ជាពិសេសព័ត៌មានពាក់ព័ន្ធការវិវឌ្ឍស្ថានភាពជំងឺកូវីដ១៩ លើកទឹកចិត្តប្រជាពលរដ្ឋឱ្យអត់ធ្មត់ រួមគ្នាប្រយុទ្ធជំងឺកូវីដ១៩ ដោយស្តាប់ និងអនុវត្តវិធានការទាំងឡាយដាក់ចេញដោយរាជរដ្ឋាភិបាល ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ។ Fresh News ក៏បានធ្វើសកម្មភាពរួមចំណែកជាមួយរាជរដ្ឋាភិបាលផ្សព្វផ្សាយលើកទឹកចិត្ត និងជំរុញប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។
តាមរយៈការរួមគ្នាជាកម្លាំងដ៏មុតស្រួចរវាងថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ផ្នែក គ្រប់រូប Fresh News នៅតែបន្តឈរជើងជាអង្គភាពព័ត៌មានឈានមុខគេមួយនៅកម្ពុជា ក្នុងការផ្តល់ព័ត៌មានទាន់ហេតុការណ៍ តាមបច្ចេកវិទ្យាទំនើប បាញ់បញ្ជូនព័ត៌មានទៅលើទូរស័ព្ទ Smart Phone, ទូរទស្សន៍ខ្សែកាប និងផ្កាយរណបគ្របដណ្តប់ ទូទាំងប្រទេស និងបណ្តាញផ្សព្វផ្សាយជាច្រើនផ្សេងទៀតដូចជា វិទ្យុ គេហទំព័រ ទាំងភាសាខ្មែរ អង់គ្លេស ចិន បណ្តាញសង្គម Facebook និង YouTube។
មកដល់ឆ្នាំ២០២១ អង្គភាពព័ត៌មាន Fresh News មានអាយុជាង៧ឆ្នាំហើយ (១៥-ឧសភា-២០១៤) ជាមួយការទទួលបានការគាំទ្រខ្លាំង និងឈានមុខគេមួយនៅកម្ពុជា។ សមិទ្ធផលដែលកើតមាននេះ មិនមែនកើតឡើងដោយឥតព្រាងទុកឡើយ ពោលបានកើតឡើងជាមួយទស្សនៈ និងចក្ខុវិស័យមួយប្រកបភាពប្រាកដនិយមខ្ពស់បំផុត។
ក្នុងនាមជានាយកប្រតិបត្តិ (CEO) និងជាស្ថាបនិក នៃអង្គភាពព័ត៌មាន Fresh News ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់បុគ្គលិកគ្រប់ផ្នែក ដែលបានរួមគ្នាជាកម្លាំងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងយកការងារដាក់ជាប់ក្នុងក្រអៅបេះដូងជានិច្ច ដោយចាត់ទុកការងារជាចំណីអាហារដ៏ឆ្ងាញ់ ហើយស្រេកឃ្លានគ្រប់ពេលវេលា។
ខ្ញុំសង្ឃឹមថា បើទោះឆ្នាំចាស់ផ្លាស់ផុតទៅ ជំនួសដោយឆ្នាំថ្មីយ៉ាងណាក្តី តែទឹកចិត្តដ៏មោះមុតរបស់បុគ្គលិកទាំងអស់ និងមិនប្រែថ្មីនោះឡើយនៅតែបន្តរក្សាប្រមូលគ្នាជាកម្លាំងរួមតែមួយ ហើយកាន់តែខ្លាំងក្លាជាងឆ្នាំចាស់ ដើម្បីសម្រេចគោលដៅរួមមួយ គឺកសាងអង្គភាពព័ត៌មានដែលជាទ្រនំដ៏សុខសាន្តមួយនេះ ឱ្យកាន់តែល្បាញល្បីថែមទៀតទាំងនៅកម្ពុជា និងឆាកអន្តរជាតិ។
ខ្ញុំក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រៅ និងខ្ពង់ខ្ពស់បំផុតផងដែរ ដល់សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាងកញ្ញា គ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ដែលតែងបានគាំទ្រអង្គភាពព័ត៌មាន Fresh News តាំងពីដើមរៀងមកពេលនេះ។ ជាពិសេសបំផុតម្ចាស់ក្រុមហ៊ុននានា ដែលតែងបានជួយផ្សព្វផ្សាយផលិតផលរបស់ខ្លួន។ ការផ្សព្វផ្សាយទាំងនេះ គឺជាការបន្តក់នូវទឹកអម្រិតប្រោសព្រំផ្តល់ដង្ហើមឱ្យអង្គភាពព័ត៌មាន Fresh News អាចឈរជើងលើសមរភូមិ នៃការផ្តល់ព័ត៌មានប្រកបដោយការប្រកួតប្រជែងនាពេលបច្ចុប្បន្ន។
ឆ្នាំ២០២១ បានកន្លងទៅមែន ប៉ុន្តែមេរោគកូវីដ១៩ មិនទាន់មានសញ្ញាណនៃការរលត់ទៅឡើយ ខណៈវត្តមានមេរោគបំប្លែងថ្មីអូមីក្រុង កំពុងបង្កការរាតត្បាតយ៉ាងខ្លាំងលើពិភពលោក។ ក្នុងស្ថានភាពមិនច្បាស់លាស់នៃការរាតត្បាតមេរោគអូមីក្រុងនេះ ការស្វាគមន៍ទំព័រជីវិតថ្មីនៃឆ្នាំ២០២២ សូមពលរដ្ឋកម្ពុជាគ្រប់រូបបន្តស្មារតីប្រយុទ្ធនឹងជំងឺមេរោគកូវីដ១៩ ដោយអនុវត្តតាមការណែនាំទាំងឡាយរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាថា ជីវិតក្នុងឆ្នាំ២០២២ ពោរពេញដោយក្តីសង្ឃឹម ការរីករាយ និងមិនជួបនូវស្ថានភាពដ៏លំបាកដូចឆ្នាំ២០២១។
ជាមួយការចាប់ផ្តើមនូវទំព័រជីវិតថ្មី ក្នុងឆ្នាំថ្មី ឆ្នាំ២០២២ ខ្ញុំសូមលើកហត្ថទាំងទ្វេបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកគុណបុណ្យ ព្រះរតន ត្រៃ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាប្រធាន ទេវតាថែរក្សាព្រះស្វេតឆ័ត្រ ទេវតាថែរក្សាចក្រវាឡទាំងមូលតាមជួយ អភិបាលប្រោសព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ ដល់សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាងកញ្ញា ជាម្ចាស់ក្រុមហ៊ុន និងមិត្តអ្នកអានទាំងអស់បាន សមប្រកបតែសេចក្តីសុខសេចក្តីចម្រើន វិបុលសុខ និងទទួលបានសិរីសួស្តីគ្រប់ប្រការនៅក្នុងជីវិត។ សូមឆ្នាំថ្មីនាំមកនូវថាមពលផ្លូវចិត្ត ផ្លូវកាយ បញ្ញាញាណ និងបានសម្រេចរាល់បំណងប្រាថ្នា៕
លឹម ជាវុត្ថា, អគ្គនាយកបណ្តាញព័ត៌មាន Fresh News