(បាត់ដំបង)៖ គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុង PS ដឹកអ្នកដំណើរបុករថយន្តស្ទូច នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ជាប់ព្រំប្រទល់ភូមិសាលាក្រៅ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ជនរងគ្រោះដែលស្លាប់ និងសុគត មានចំនួន៨នាក់ ក្នុងនោះមានព្រះសង្ឃមួយអង្គផងដែរ ខណៈអ្នករងរបួសធ្ងន់ស្រាលកើនឡើងចំនួន៣៣នាក់។
សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ភ្នាក់ងារ Fresh News ដែលកំពុងនៅកន្លែងកើតហេតុថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងបណ្តាលមកពីរថយន្តក្រុងដឹកអ្នកដំណើរ PS ទិសដៅពីភ្នំពេញទៅ ខេត្តបាត់ដំបងបែកកង់ ហើយបានជ្រុលទៅបុករថយន្តស្ទូច ដែលកំពុងធ្វើដំណើរបញ្ច្រាស់គ្នា បណ្តាលរថយន្តទាំង២រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលជិះនៅលើរថយន្តក្រុងនោះមានចំនួន៣៩នាក់ ហើយស្លាប់៧នាក់ មានព្រះសង្ឃមួយអង្គ និងអ្នកបើករថយន្ត ហើយរថយន្តស្ទូចមានគ្នា២នាក់ ក្នុងនោះអ្នកបើកស្លាប់ ខណៈដែលព្រូរថយន្តរបួសធ្ងន់ ដោយគៀបជាប់នៅក្នុងកាប៊ីន ហើយត្រូវបានក្រុមគ្រូពេទ្យជួយបណ្តោងសេរ៉ូមនៅទីនោះតែម្តង ទំរាំសមត្ថកិច្ចជួយគាស់យកចេញបាន។
សម្រាប់គ្រោះថ្នាក់ចរាចរណ៍ខាងលើ កម្លាំងសមត្ថកិច្ចជាច្រើននាក់ និងប្រជាពលរដ្ឋនៅតំបន់នោះ បានចេញទៅជួយអន្តរាគមន៍ហៅរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅកាន់មន្ទីរពេទ្យជាបន្តបន្ទាប់ ដើម្បីជួយសង្គ្រោះ។ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ទាំងអ្នកស្លាប់ និងអ្នករងរបួសពីព្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕