(កំពង់ចាម)៖ លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃនេះ ដើម្បីពិភាក្សាស្តីពីការពង្រឹងការងារសន្តិសុខ និងការត្រៀមឆ្លើយតបប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ នឹងគ្រោះមហន្តរាយនានា ដែលកំពុងកើតមាននាពេលបច្ចុប្បន្ន ក្នុងគោលបំណងការពារផលប្រយោជន៍ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋទូទៅក្នុងខេត្តកំពង់ចាម ។
កិច្ចប្រជុំខាងលើនេះ មានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុកទាំងអស់ ថ្នាក់ដឹកនាំនៃកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។
លោក លន់ លឹមថៃ អភិបាលខេត្តបានបន្តថា លោកផ្តួចផ្តើមនូវការចាត់វិធានការ និងរៀបចំផែនការថ្មីៗបន្ថែមទៀត ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការឆ្លើយតបនឹងគ្រោះមហន្តរាយនានា ក្នុងពេលថ្មីៗនេះ រួមមាន ការឡើងកម្តៅ ភាពរាំងស្ងួត ការខ្វះទឹកប្រើប្រាស់ អគ្គីភ័យ ជាដើម ។
អភិបាលខេត្តកំពង់ចាមរូបនេះបន្ថែមថា «តាមស្ថានភាពជាក់ស្តែង ពុំមានបញ្ហាធ្ងន់ធ្ងរអ្វីឡើយអំពីគ្រោះមហន្តរាយខាងលើ ព្រោះអាជ្ញាខេត្តបានចាត់វិធានការបានទាន់ពេលវេលា កាលពីពេលកន្លងមក។ ជាក់ស្តែង យើងបានជីក និងស្តារអណ្តូងសរុបចំនួន ៤៩អណ្តូង ក្នុងនោះនៅស្រុកកងមាស ចំនួន ៣២ ស្រុកបាធាយ ចំនួន១៧ ដែលអណ្តូងទាំងនេះកើតចេញពីវិធានការសរុប កម្លាំងសរុប និងធនធានសរុបរវាងមន្ទីរជំនាញរួមមានមន្ទីរអភិវឌ្ឍជនបទ ធនធានទឹក និងឧតុនិយម និងអង្គការសង្គមស៊ីវិល ។
លើសពីនេះ យើងបានត្រៀមឧបករណ៍សម្ភារៈមួយចំនួន ដូចជា ធុងស៊ីទែនទឹកធំ ឡានដឹកទឹក ម៉ាស៊ីនបូមទឹក គ្រឿងចក្រសម្រាប់កាយ ស្តារស្រះ ឬអណ្តូង និងការត្រៀមកម្លាំងជំនាញបច្ចេកទេសជីកស្តារអណ្តូង ព្រមទាំងការស្វែងរកជំនួយពីអង្គការ និងសប្បុរសជនពីខាងក្រៅ ។
លោកអភិបាលខេត្តបានលើកឡើងថា ទោះជាឥឡូវមិនទាន់មានសភាពធ្ងន់ធ្ងរក៏ដោយ យើងមិនត្រូវដកដៃ និងមើលស្រាលស្ថានភាពគ្រោះធម្មជាតិ នេះឡើយ ហើយយើងត្រូវតែក្តាប់សភាពការណ៍នៅមូលដ្ឋានឲ្យបានជាប់ជាប្រចាំ៕