(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ចូន ដែលទើបចូលកាន់តំណែងថ្មីនេះ នឹងចុះត្រួតពិនិត្យដោយផ្ទាល់ពីការងារ អ៊ុតគំនូសចរាចរណ៍ផ្លូវ២ខ្សែនៅរាជធានីភ្នំពេញ នាម៉ោង៩យប់នេះ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ។
កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសជូនដំណឹង ពីការងារអ៊ុតគំនូសចរាចរណ៍ ផ្លូវចំនួន២ខ្សែនៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ចាប់ពីម៉ោង៩ ដល់ម៉ោង៥ទៀបភ្លឺ។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ បានឲ្យដឹងថា ផ្លូវទាំង២ខ្សែ រួមមាន ខ្សែទី១ លើមហាវិថីសុរាម្រិត ចាប់ពីមហាវិថីសម្តេចសុធារស រហូតដល់រង្វង់មូលវិមានឯករាជ្យ ក្រោមជំនួយឧបត្ថម្ភពីក្រុមហ៊ុន សាជីវកម្ម-ស្ពានថ្នល់ចិន និងខ្សែ ទី២ លើមហាវិថីព្រះនរោត្តម ចាប់ពីរង្វង់មូលវត្តភ្នំ រហូតដល់រង្វង់មូលវិមានឯករាជ្យ ក្រោមជំនួយ ឧបត្ថម្ភ ពីក្រុមហ៊ុនកូរ៉េ SEIRRA Engineering & Construction។
គួរបញ្ជាក់ថា ការអ៊ុតគំនូសចរាចរណ៍ ផ្លូវចំនួន២ខ្សែខាងលើនេះ គឺជាដំណាក់កាលទី១ ហើយដំណាក់កាលបន្តបន្ទាប់ទៀត ក្រសួងសាធារណការ និងដឹកជញ្ចូន នឹងបន្តសហការជាមួយសាលារាជធានីភ្នំពេញ ធ្វើការអ៊ុតគំនូសចរាចរណ៍លើខ្សែផ្លូវផ្សេងទៀត នៅរាជធានីភ្នំពេញដើម្បីរួមចំណែក កែលម្អហេដ្ឋា រចនាសម័្ពន្ធផ្លូវថ្នល់នៅក្នុងរាជធានីភ្នំពេញឲ្យកាន់តែមានសោភណ្ឌភាព និងរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ ឲ្យមានរបៀបរៀបរយល្អ ប្រសើរជាងមុន៕