(កោះកុង)៖ គិតមកដល់ចុងខែធ្នូ ឆ្នាំ២០២១នេះ គម្រោងសាងសង់ផ្លូវជាតិលេខ១០ សំឡូត- វាលវែង-អូរសោម-កោះកុង មានប្រវែង ១៩៨.៥១៨ គីឡូម៉ែត្រ បានសម្រេចការ សាងសង់ បានចំនួន ៥៤.៨៩%ហើយ។
នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកអគ្គនាយករង ស្រេង ស្រស់ តំណាងអគ្គនាយកដ្ឋានសាធារណការ និងជាប្រធានអង្គភាពអនុវត្តគម្រោង (PIU) និងលោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពនៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដោយមានការចូលរួមអមដំណើរពីមន្ត្រីជំនាញ និងថ្នាក់ដឹកនាំក្រុមហ៊ុន ដែលប្រចាំការនៅការដ្ឋានផ្លូវនេះកាលពីដើមសប្តាហ៍នេះ។
ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីធានាឱ្យការសាងសង់ស្របតាមស្តង់ដាបច្ចេកទេសប្រកប ដោយគុណភាពបានរឹងមាំ និងអាចប្រើប្រាស់បានយូរអង្វែង ក៏ដូចជាក្នុងគោលបំណងដើម្បីផលិត ព័ត៌មានទុកជាឯកសារអំពីផ្លូវនេះនៅមុន និងក្រោយពេលការស្ថាបនាសំដៅធ្វើការប្រៀបធៀប និងស្វែងយល់អំពីលក្ខណៈ បច្ចេកទេសការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញក្នុងការសាងសង់ និងឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់លើការងារបច្ចេកទេសផងដែរ។
លោក ស្រេង ស្រស់ ក៏បានបង្ហាញអំពីព័ត៌មានបច្ចេកទេសទាក់ទងនឹងការសាងសង់ផ្លូវនេះ ជាពិសេសទាក់ទងនឹង ការលំបាក ដែលក្រុមវិស្វករបានជួបប្រទះ និងពុះពារ ជំនះគ្រប់ឧបសគ្គ ដើម្បីដោះស្រាយក្នុងអំឡុងពេលនៃការសាងសង់។
សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន ១៩៨.៥១៨គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង សាងសង់ស្រប តាម បទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) សាងសង់ស្ពានចំនួន២៨ កន្លែងប្រវែង១ ៧២១.៤៦ម៉ែត្រ ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយដែលមានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព៕