(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតិឲ្យលោក ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលជួបសម្តែងការគួរសម និងនាំយកនូវអំណោយរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ជូនសម្រាប់ជួយដល់សកម្មភាពមនុស្សធម៌ផ្សេងៗ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។។
ថ្លែងក្នុងឱកាសនោះ លោក ហេង សុខគង់ ក៏បានរាយការណ៍អំពីវឌ្ឍនៈភាពរបស់សម្ព័ន្ធក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមក្នុងប្រតិបត្តិការទប់ស្កាត់ការឆ្លងរីករាលដាលនូវជំងឺកូវីដ១៩ នៅកម្ពុជា តាមរយៈការព្យាបាល និងការផ្តល់នូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ជាការឆ្លើយតប ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ក៏បានថ្លែងអំណរគុណដល់លោក ហេង សុខគង់ ក៏ដូចជាក្រុមគ្រូពេទ្យទាំងអស់ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយទទួលបាននូវលទ្ធផលល្អ និងគ្រប់គ្រងនូវស្ថានការណ៍ នៃការឆ្លងរីករាលដាលបានយ៉ាងល្អប្រសើរ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសូមថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានបង្កើតសម្ព័ន្ធក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជានេះឡើង ជួយដល់ការងាររបស់សុខាភិបាល ដើម្បីជួយដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។
សូមជម្រាបថា សម្ភារៈដែលទទួលបាននៅថ្ងៃនេះ រួមមាន អង្ករ១តោន, មី១០០កេស, ស្បែកជើងសុវត្ថិភាព ២០០គូ, ម៉ាស់ ៨កេស និងថ្នាំប៉ារ៉ាសេតាមុល ៤កេស ថ្នាំ Bromhexine ៥០ប្រអប់ និងថ្នាំ Cetrizine ៥០ប្រអប់៕