(បាត់ដំបង)៖ គ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុន PS បើកបុកជាមួយរថយន្តស្ទូច ស្ថិតនៅតាមផ្លូវជាតិលេខ៥ ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ជាប់ព្រំប្រទល់ស្រុកសង្កែ ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ អ្នកស្លាប់កើនឡើងចំនួន៨នាក់ និងរបួសធ្ងន់ស្រាលចំនួន២៥នាក់។
ភ្នាក់ងារ Fresh News ប្រចាំខេត្តបាត់ដំបង ដែលនៅកន្លែងកើតហេតុ បានរាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាង រថយន្តក្រុងដឹកអ្នកដំណើរ PS ដឹកអ្នកដំណើរពាក់ស្លាកលេខភ្នំពេញ 3D-3906 ធ្វើដំណើរពីភ្នំពេញទៅបាត់ដំបង ស្រាប់តែដល់ចំណុចកើតហេតុ ក៏បុកជាមួយរថយន្តស្ទូច ដែលបើកបញ្ច្រាស់គ្នាលាន់ដូចរន្ទះបណ្តាលរថយន្តទាំង២រុញចូលគ្នាខ្ទេចស្ទើរទាំងស្រុង។
សេចក្តីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះដែលជិះលើរថយន្តក្រុងចំនួន៣៣នាក់ ហើយស្លាប់ជាក់ស្តែងកើនឡើងចំនួន៨នាក់ហើយ ក្នុងនោះសង្ស័យព្រះសង្ឃមួយអង្គផងដែរ។ នៅពេលនេះកម្លាំងសមត្ថកិច្ចជាច្រើននាក់ កំពុងជួយអន្តរាគមន៍ និងជួយគាស់ជនរងគ្រោះចេញពី ក្នុងរថយន្តទាំង២។ គេមិនទាន់ដឹងថា ជនរងគ្រោះជាអ្នកស្រុកណានោះទេ ដោយបច្ចុប្បន្នត្រូវ បានសមត្ថកិច្ចកំពុងជួយដឹកយក ទៅកាន់មន្ទីរពេទ្យជាបន្តបន្ទាប់៕