(បន្ទាយមានជ័យ)៖ ក្រោយប្រជាពលរដ្ឋនៅទីរួមខេត្ត កំពុងជួបបញ្ហាអត់ទឹកប្រើប្រាស់ ដោយសារតែទឹក នៅក្នុងស្ទឹងសិរីសោភ័ណ ត្រូវបានរីងស្ងួតជាច្រើនកន្លែងនោះ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បរវ បានដឹកនាំមន្រ្តី និងកម្លាំងជាច្រើននាក់ ចុះទៅពិនិត្យស្ថានភាពជាក់ស្តែង និងជួយអន្តរាគមន៍នាំទឹកពីស្ទឹង និងកន្លែងស្តុកទឹកធម្មជាតិមួយចំនួន ចាក់បញ្ចូលមកស្ទឹងសិរីសោភ័ណ ដើម្បីប្រើប្រាស់ ជាបណ្តោះអាសន្ន ទំរាំទឹកដែលនាំមកពីអាងទឹកកំពីងពួយនៅស្រុកបាណន់ ខេត្តបាត់ដំបង មកដល់នារយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម ដែលអមដំណើរអភិបាលខេត្ត បានឲ្យដឹងថា ក្រោយពីមានការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏ដូចជា លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ឲ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ លើការដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋ តាមមូលដ្ឋានដែលកំពុងខ្វះខាតនោះ លោកអភិបាលខេត្តបានដឹកនាំមន្រ្តីជំនាញ និងសមត្ថកិច្ច ចុះទៅពិនិត្យផ្ទាល់ស្ថានភាពជាក់ស្តែង និងដើម្បីនាំទឹកចាក់បញ្ចូលទឹកស្ទឹងសិរីសោភ័ណ ដើម្បីឲ្យប្រជាពលរដ្ឋ អាចយកទៅប្រើប្រាស់ជាបណ្តោះអាសន្ន។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ក្រោយពិនិត្យហើយ ឃើញថា ទឹកចាប់ពីស្ពានទឹកថ្លា និងកន្លែងស្តុកទឹកនៅជិតរោងម៉ាស៊ីន រាប់សែនម៉ែត្រគូប ដូច្នេះក្រុមការងារ នឹងនាំទឹកពីទីនេះ ដើម្បីនាំចូលទៅកាន់ស្ទឹងសិរីសោភ័ណ សម្រាប់បម្រើដល់ប្រជាពលរដ្ឋនៅទីរួមខេត្តសិនទំរាំ ទឹកដែលនាំចេញពីអាងទឹកកំពីងពួយនឹងមកដល់។ លោកស្នងការបានថ្លែងថា ក្រោយការពិនិត្យរួចហើយក្រុមការងារបានប្រើអេស្កាវ៉ាទ័រ ដើម្បីកាយដីនាំទឹកចេញពីទីនោះភ្លាមៗផងដែរ។
កាលពីម្សិលមិញ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយមក្រោមការបញ្ជាផ្ទាល់ពីលោករដ្ឋមន្រ្តី លឹម គានហោ បានប្រើគ្រឿងចក្រ ដើម្បីជីកកាយព្រែកធម្មជាតិឈ្មោះ អន្លង់ស្វាយ ដើម្បីនាំទឹកពីអាងទឹកកំពីងពួយ ចាក់ទៅប្រឡាយមេអូដនពៅ បន្តនាំទៅស្ទឹងមង្គលបូរី រួចហើយបញ្ចាល់ចាក់ចូលស្ទឹងសិរីសោភ័ណ ប្រមាណ៥លានម៉ែត្រគូបសម្រាប់ចែកចាយដល់ប្រជាពលរដ្ឋនៅទីនោះ។ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានឲ្យដឹងថា ការនាំទឹកនេះ នឹងធ្វើឡើងមានរយះពេលប្រមាណ១អាទិត្យ៕