(បន្ទាយមានជ័យ)៖ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានឲ្យដឹងថា រយៈពេល២ថ្ងៃនេះ (២២-២៣ ខែមេសា) កម្លាំងនគរបាលរបស់លោក បានធ្វើការទប់ស្កាត់ពលករខ្មែរ បម្រុងឆ្លងដែនខុសច្បាប់ ទៅកាន់ប្រទេសថៃចំនួន ៩៨នាក់ រួចហើយធ្វើការអប់រំឲ្យត្រឡប់ទៅផ្ទះវិញ។
លោកឧត្តមសេនីយ៍ស្នងការ បានប្រាប់ Fresh News នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះថា នៅថ្ងៃទី២២ ខែមេសា ម្សិលមិញកម្លាំងនគរបាលវរសេនាតូចលេខ៨១៥ បានធ្វើការឃាត់ខ្លួនពលករខ្មែរចំនួន ៥៤នាក់ ក្នុងនោះស្រី២៦នាក់ និងកុមារ៨នាក់។ ដោយឡែក នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលប៉ុស្តិ៍បឹងបេង បានធ្វើការឃាត់ខ្លួនពលករខ្មែរចំនួន ៤៤នាក់ ក្នុងនោះស្រី១៩នាក់ និងកុមារ៤នាក់។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វើការឆ្លងដែនខុសច្បាប់នោះទេ ពីព្រោះត្រូវប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លាំង ដោយសារតែធ្វើការគ្មានច្បាប់ទម្លាប់នៅទីនោះ៕