(អេហ្ស៊ីប)៖ អាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសអេហ្ស៊ីប បានចេញប្រតិបត្តិការចាប់ខ្លួនសកម្មជន ៥៩នាក់ ដែលពួកគេទាំងនេះជាមេខ្យល់ ដែលបានធ្វើការស្វះស្វែងប្រមូលផ្តុំបាតុករ ដើម្បីចូលរួមធ្វើបាតុកម្មដ៏ធំនៅទីក្រុងគែរ នាថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលអេហ្ស៊ីប។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ ២០១៦។
មេបាតុករដែលត្រូវបានចាប់ខ្លួនទាំង ៥៩នាក់ ចាប់តាំងពីថ្ងៃព្រហស្បតិ៍មកនេះ គឺត្រូវបានរដ្ឋាភិបាលស៊ើបដឹងថា ពួកគេកន្លងមកបានប្រមែប្រមូលអ្នកប្រឆាំងរដ្ឋាភិបាល ឲ្យធ្វើបាតុករកម្មដ៏ធំមួយ នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ។ ពួកគេភាគច្រើនត្រូវបានប៉ូលិសចាប់ខ្លួននៅក្នុងហាងកាហ្វេ និងលំនៅដ្ឋានរបស់ពួកគេផ្ទាល់នៅរដ្ឋធានីគែរ។
គួរបញ្ជាក់ថា ការតវ៉ាខាងមុខនេះគឺបាតុករទាំងអស់ចង់សម្តែងការគាំទ្រ ចំពោះលោកអតីតប្រធានាធិបតី ម៉ូហាម៉េដ ម៉ូស៊ី ដែលត្រូវបាន ទម្លាក់ចេញពីតំណែងដោយយោធាកាលពីឆ្នាំ ២០១៣។ បន្ថែមពីនេះទៀត ប្រជាជនអេហ្ស៊ីបមួយចំនួន ក៏បានសម្តែងការមិនពេញចេញចិត្តទៅនឹង ពាក្យចរចាមអារាមថា ប្រធានាធិបតីបច្ចុប្បន្នលោក អាប់ឌែល ហ្វាតា អាល់ស៊ីស៊ី បានលក់ ប្រជុំកោះមួយក្នុងច្រកសមុទ្រ Tiran ជាថ្នូរនឹងការវិនិយោគពីសំណាក់ប្រទេសអារ៉ាប៊ី សាអូឌីត៕