(ភ្នំពេញ)៖ អ្នកសិល្បៈមួយក្រុម មានលោក សន វិជ្ជបុត្រ តារាចម្រៀងប្រចាំក្នុងផលិតកម្ម M ,លោកស្រី ថុង ស៊ីវទៀង ចាងហ្វាងផលិតកម្ម ចក្រវាឡពេជ្រភាពយន្ត, តារាសម្ដែង និងជាពិធីក លោក អ៉ឹម ជីវ៉ា ,ព្រះតេជគុណ នីសុវណ្ណ មុនីរ៉េត មេកុដិលេខ២៤ វត្តនាគវ័ន្ត ដែលមានការដឹកនាំ ដោយលោកឧកញ៉ា ទុំ សារ៉ុត ហៅឃ្លោក នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ បានពាំនាំថវិការបស់អ្នកសិល្បៈ និងសប្បុរសជនមួយចំនួន ទៅឧបត្ថម្ភដល់តារាកំប្លែង នាយគ្រៀវ ដែលកំពុងតែមានជំងឺ ខ្លាញ់រុំបេះដូង លើសឈាម និងស្លាប់មួយចំហៀងខ្លួន ស្ថិតនៅឯគេហដ្ឋានផ្ទាល់ ផ្ទះលេខ២៣៩ ផ្លូវ៣៥៧ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
លោកឧកញ៉ា ឃ្លោក ដែលជាអ្នកដឹកនាំក្រុមសិល្បៈ និងជាប្រធានកិត្តិយសសមាគមសិល្បករខ្មែរ បានបញ្ជាក់ថា ក្នុងនាមរូបលោកជាអតីតអ្នកសិល្បៈ និងជាប្រធានកិត្តិយស សមាគមសិល្បករខ្មែរ លោកតែងតែយកចិត្តទុកដាក់ដល់ អតីតសិល្បករ-សិល្បការិនី ដែលបាត់បង់សមត្ថភាព មានជំងឺជាដើម ដោយបានពាំនាំថវិកា បន្តិចបន្តួច ដើម្បីយកមកឧបត្ថម្ភ ក្នុងន័យចូលរួមចំណែក សម្រាលទុក្ខលំបាក បានមួយគ្រា និងជាការផ្ដល់កម្លាំងចិត្ត ដែលជាសកម្មភាព មនុស្សធម៌ផងដែរ។
អតីតតារាកំប្លែងនាយ ឃ្លោក ក៏បានថ្លែងអំណរគុណ ដល់សិល្បករ-សិល្បការិនី ដែលបានបរិច្ចាគធនធាន និងពេលវេលា ដើម្បីជួយដល់អ្នកសិល្បៈដូចគ្នា ហើយសូមបន្តសកម្មភាព នេះបន្ថែមទៀត ដើម្បីបង្ហាញថា អ្នកសិល្បៈមានឆន្ទៈចេះជួយគ្នា ចេះចែករំលែកទុក្ខលំបាកគ្នា ក្នុងគ្រាក្រ ។ លោកឧកញ៉ា ឃ្លោក ក៏បានអំពាវនាវ ដល់សិល្បករ-សិល្បការិនីទាំងអស់ ដែលមានសមត្ថភាព មានធនធានច្រើន សូមជួយចែករំលែក ជួយដល់អ្នកសិល្បៈ ដូចគ្នា ដែលកំពុងតែមានជំងឺ បាត់បង់សមត្ថភាព ឲ្យសមនឹងពាក្យចាស់តែងពោលថា «ជួយគ្នាក្នុងគ្រាក្រ ស្គាល់អាក្រក់ល្អ នៅពេលមានទុក្ខលំបាក»។
ដោយឡែកតារាកំប្លែង នាយ គ្រៀវ វិញ គ្រាន់តែបានឃើញអ្នកសិល្បៈ នាំយកថវិកា ទៅឧបត្ថម្ភដល់ខ្លួនភ្លាម នាយបានសម្ដែងក្ដីរន្ធត់ រហូតអួលដើមក ស្រក់ទឹកភ្នែក ទាំងក្ដុកក្ដួល លើកដៃថ្លែងអំណរគុណ ទាំងខ្លួនកំពុងតែដេកជាប់ នៅលើប៉ៅអ៉ី ហើយប្រឹងនិយាយទាំងញ័រមាត់ ថា «អរគុណណាស់បងប្អូន ..! ដែលបានមកមើលខ្ញុំ ខ្ញុំគ្មានអ្វីទៀតទេ អស់រលីងហើយ ដើរក៏អត់រួច មើលអស់ពីខ្លួន...(យំ) ខ្ញុំមិននឹកស្មានថា ខ្ញុំធ្លាក់ខ្លួនដល់ថ្នាក់នេះទេ ធ្វើអ្វីក៏អត់បានទៀតដែរ ខ្ញុំអរគុណអ្នកទាំងអស់គ្នាហើយ ខ្ញុំគ្មានអ្វីតបស្នងវិញទេ អរគុណ..អរគុណ..!»។
អ្នកស្រី សួន ចន្ថា អាយុ៥២ឆ្នាំ ត្រូវជាភរិយា នាយគ្រៀវ បានមានប្រសាសន៍ប្រាប់ថា ប្ដីរបស់គាត់មានជំងឺច្រើនមុខ ក្នុងនោះមានជំងឺលើសឈាម ខ្លាញ់រុំបេះដូង និងស្លាប់មួយចំហៀងខ្លួន ហើយបានធ្លាក់ខ្លួនឈឺធ្ងន់ កន្លះឆ្នាំមកហើយ។ កន្លងមកប្ដីអ្នកស្រីក៏ធ្លាប់ទៅព្យាបាល នៅមន្ទីរពេទ្យដែរ ប៉ុន្តែមិនបានធូរស្បើយនោះទេ ដោយបានចំណាយថវិកា អស់ប្រមាណជិត១ម៉ឺន ដុល្លារមកហើយ នៅតែមិនជា។
សូមបញ្ជាក់ថា នាយ គ្រៀវ មានឈ្មោះពិតថា នូ សារ៉ុម បច្ចុប្បន្នមានអាយុ៥៤ឆ្នាំ និងមានកូន៤នាក់ ស្រី៣ប្រុស១។ លោកជាតារាកំប្លែងក្នុងក្រុមនាយ កុយ នាយក្រឹម និងក្រុមកំប្លែងជាច្រើនទៀត ហើយទស្សនិកជន តែងតែឃើញវត្តមានលោកសម្ដែង តាមរយៈកម្មវិធីតន្រ្តី ក្នុងស្ថានីយទូរទស្សន៍នានា ព្រមទាំងសម្ដែងរឿងផងដែរ។ ប្រសិនបើសិល្បករ-សិល្បការិនី ឬសប្បុរសជន ចង់ជួយឧបត្ថម្ភ ដល់នាយ គ្រៀវ ដែលកំពុងតែមានជំងឺធ្ងន់នេះ សូមទំនាក់ទំនងលេខទូរស័ព្ទ របស់លោកផ្ទាល់ តាមរយៈលេខ ០១៧ ៨២៥ ៦២៨ , ០៩៩ ២៩៨ ២២៧៕