(អេក្វាទ័រ)៖ រដ្ឋាភិបាលនៃប្រទេសអេក្វាទ័រ បានចេញសេចក្ដីប្រកាសអំពាវនាវស្វែងរកថវិកាជំនួយបន្ទាន់ ក្រោយពេល​​ជួប​គ្រោះរញ្ជួយដីផ្ទួនៗ ខណៈមនុស្ស ២៦,០៩១នាក់ កំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន បន្ទាប់ពីអគារ ៦,៩៩៨ រងការបំផ្លាញទាំងស្រុង និង ២,៧៤០ រងការខូចខាត នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ ​ព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា។

នៅក្នុងយុទ្ធនាការស្វែងរកថវិកានេះ រដ្ឋសភាជាតិអេក្វាទ័រ ប្រមូលបានថវិកាចំនួនជិត ៤សែនដុល្លារសហរដ្ឋអាមេរិក ស្របពេលដែលចិន បានផ្ដល់ជំនួយ ១០០,០០ ដុល្លារអាមេរិក និងសិង្ហបុរី ៦៧,០០០ដុល្លារអាមេរិក ខណៈ​ដែល
​អង្គការសហប្រជាជាតិ (UN) បានសម្រេចផ្តល់ប្រាក់ជំនួយសង្គ្រោះ ៧២,៧លានដុល្លារអាមេរិក។

ប្រធានាធិបតីអេក្វាទ័រ លោក Rafael Correa បានបញ្ជាក់ឲ្យដឹងផងដែរថា ចាប់ពីពេលនេះតទៅ ការបង់ពន្ធសម្រាប់មហាសេដ្ឋី និង​ពួកអ្នកជំនួញនឹងត្រូវតំឡើងថ្លៃ ហើយសម្រាប់អ្នកដែលមានប្រាក់​ចំណូលលើសពី
១,០០០ដុល្លារអាមេរិក នឹង​ត្រូវ​កាត់​​យកថ្លៃឈ្នួលប្រាក់ខែក្នុងមួយថ្ងៃ មកចូលរដ្ឋដើម្បីធ្វើការស្ថាបនា និងកសាងប្រទេសឡើងវិញ ព្រោះបើតាមការប៉ាន់ប្រមាណ អេក្វាទ័រត្រូវការលុយ ៣ពាន់លានដុល្លារអាមេរិក ដើម្បី​សាង
​សង់ហេដ្ឋារចនាសម្ព័ន្ធឡើងវិញ។

នៅព្រឹកថ្ងៃនេះផងដែរថា ប្រទេសអេក្វាទ័រ បានជួបគ្រោះរញ្ជួយដីកម្រិត ៥,៨រ៉ិចទ័រ ដែលបានវាយប្រហារ​នៅតំបន់​ភាគ​ខាងលិច ចម្ងាយ ២៦គីឡូម៉ែត្រពីទីក្រុង Muisne ជាកន្លែងដែលធ្លាប់ទទួលរងគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧,៨
កាលពីសប្តាហ៍មុន ហើយនេះក៏ជាគ្រោះរញ្ជួយដីទី៣ ដែលបានវាយប្រហារប្រទេសអេក្វាទ័រ នៅក្នុងរយៈពេល​ត្រឹមតែ​មួយ​សប្ដាហ៍។

គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ មានមនុស្សស្លាប់រហូតដល់ ៦០២នាក់ផងដែរ ស្របពេលដែលមនុស្សជិត ៥,៤០០នាក់រងរបួស និង១៣០នាក់ផ្សេងទៀតបន្តបាត់ខ្លួននៅឡើយ៕