(ភ្នំពេញ)៖ លោក ហេង ខុម ជាមន្រ្តីនគរបាលផ្នែកបញ្ជាចរាចរណ៍ នៃការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ ដែលផ្ទះរបស់លោក ត្រូវបានភ្លើងឆេះបំផ្លាញគ្មានសល់ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យនោះ បានទទួលថវិកា ចំនួន១លានរៀល ពីថ្នាក់ដឹកនាំអង្គភាព និងមិត្តនគរបាលរួមអាជីព ដើម្បីយកទៅប្រើប្រាស់ និងការចំណាយផ្សេងៗ ប្រចាំថ្ងៃ។
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះលោក ប៉ែន ឃុន នាយរងការិយាល័យចរាចរណ៍ តំណាងលោក ចីវ ហាក់ បាននាំយកថវិកាទាំង ទៅប្រគល់ជូន លោក ហេង ខុម ផ្ទាល់ដៃ ដើម្បីចូលរួមកាត់បន្ថយការលំបាក នៅក្នុងបន្ទុកគ្រួសារ។
លោក ប៉ែន ឃុន បានថ្លែងថា កាលពីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦កន្លងទៅ មានករណីអគ្គិភ័យមួយ បានកើតឡើងនៅសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយហេតុការណ៍នេះ ភ្លើងបានឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋ ចំនួន ៥៥ខ្នង ក្នុងនោះក៏មានផ្ទះរបស់លោក ហេង ខុម ផងដែរ។
ដោយមើលឃើញនូវទុក្ខលំបាក និងកំពុងជួបបញ្ហានេះ ស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់ការិយាល័យចរាចរណ៍ ជួយដោះស្រាយជូនគាត់ជាបន្ទាន់ ។
បន្ទាប់មក ក្រៅពីការទទួលអំណោយសប្បុរសធម៌ ពីថ្នាក់ដឹកនាំ ការិយាល័យជាម្ចាស់អង្គភាព ក៏បាននាំយកថវិកា ចំនួន១លានរៀលបន្ថែម ជួនគាត់ និងក្រុមគ្រួសារ ហើយជាមួយគ្នានេះ សម្រាប់បុណ្យស័ក្តិទៀតសោត នាយឧត្តមសេនីយ៍ស្នងការ បានម្រេចដំឡើងស័ក្តិ របស់លោកមួយទៀត គឺថ្នាក់អនុសេនីយ៍ទោ៕