(តាកែវ)៖ នាយឧត្តមសេនីយ៍ គន់ គីមក្នុងនាមអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា រួមនិងក្រុមការងារជាច្រើននាក់ បានចុះជួយសាង សង់ផ្ទះទំហំ៥គុណ៧ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជូន លោក អែម ខ្នា អតីតយុទ្ធជនពិការរស់នៅភូមិអង្គតាភោគ ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ។
ក្រុមការងារដែលចូលរួមសកម្មភាពជាមួយ នាយឧត្តមសេនីយ៍ គន់ គីមរួមមាន នាយឧត្ដមសេនីយ៍ មាស សាវ៉ន អគ្គលេខាធិការរង ប្រចាំការនៃសមាគម អតីតយុទ្ធជនកម្ពុជា និងលោកស្រី អ៉ិន ម៉ានិត ប្រធានតុលាការខេត្តតាកែវ ព្រមទាំងមន្រ្តីមន្ទីរពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់ទៀត។
តាមសេចក្តីរាយការណ៌ពីលោក ឡុក សារីក មេឃុំសន្លុងបានឲ្យដឹងថា «លោក អែម ខ្នា ជាអតីតយុទ្ធជនពិការមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ចូលបំរើក្នុងជួរកងទ័ពតាំងពីឆ្នាំ១៩៨២ នៅអង្គភាពវរសេនាធំលេខ២១ កងពលតូចលេខ៦ ឈរជើងនៅក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង។ លោកបានទទួលគ្រោះថ្នាក់ដាច់ជើងម្ខាងក្នុងឆ្នាំ១៩៨៧ដោយសារគ្រាប់មីន ។ បច្ចុប្បន្នលោក អែម ខ្នា បានមករស់នៅជាមួយភរិយារបស់លោកដែល មានកូន ក្នុងបន្ទុកចំនួន៣នាក់។ លោក អែម ខ្នា មិនមានទ្រព្យសម្បត្តិ ឬតំណែលធំដុំអ្វីនោះទេ មានតែដីស្រែប្រមាណជា១ហិចតាប៉ុណ្ណោះ ដែលរដ្ឋ បាលបែងចែកឲ្យកាលមុនពេលលោកចេញទៅបំរើកងទ័ពនៅតំបន់ព្រំដែនភាគខាងលិច។ ក្រោយមកអាស្រ័យដោយភរិយារបស់លោកឧស្សហ៍មានជម្ងឺញឹកញ៉ាប់លោកក៏សម្រេចចិត្តលក់ដីស្រែនោះបន្តិចម្តងៗ ដើម្បីព្យាបាលជម្ងឺភរិយា។ កត្តានេះហើយដែលធ្វើអោយជីវភាពរបស់ក្រុមគ្រួសារលោក កាន់តែមានសភាពដុនដាបពីមួយថ្ងៃទៅមួយថ្ងៃ ទាំងផ្ទះសំបែងក៌ចាស់ទ្រុឌទ្រោម និងគ្មានថវិកាសម្រាប់ជួសជុល»។
នៅក្នុងឱកាសនោះដែរ លោក គន់ គឹម បានណែនាំឲ្យសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ក្នុងការជួយ សាងសង់ផ្ទះជូនសមាជិកអតីត យុទ្ធជន ដែលមានជីវភាពលំបាក ហើយ សមាគមអតីតយុទ្ធជនកម្ពុជា អាជ្ញាធរដែនដី និងសប្បុរសជននានា បានរួមចំណែកជួយឧបត្ថម្ភគាំទ្រជាថវិការ សម្ភារៈ ដែលនេះជាវប្បធម៌ចែករំលែក ក្នុងការលើកកម្ពស់ជីវភាពអតីតយុទ្ធជនឲ្យកាន់តែមានភាពប្រសើរឡើង ជាមួយនិងការចុះសាងសងផ្ទះនេះដែរ លោក គន់ គឹម បានឧបត្ថម្ភ ដល់គ្រួសារលោក អែម ខ្នា នៅថវិការចំនួន១០លានរៀលផងដែរ៕