(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង «ប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ (FMIS)» នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញបើកកម្មវិធី ផ្សព្វផ្សាយពីវឌ្ឍនភាពគម្រោង FMIS និង បង្ហាញពីគោលដៅសំខាន់ៗសម្រាប់ជំហានទី៣ ជូនថ្នាក់ដឹកនាំ និងមន្រ្តី នៃក្រសួង-ស្ថាប័ន ព្រមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល ។
កម្មវិធីនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីមកពីក្រសួង-ស្ថាប័ន អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរតនាគាររាជធានី-ខេត្តទាំង២៥ សរុបអ្នកចូលរួមជាង ៤០០នាក់។
ថ្លែងនៅក្នុងកម្មវិធីនោះ លោកបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ជូនអ្នកប្រើប្រាស់ប្រ័ន្ធ FMIS គ្រប់ការដ្ឋាន ក៏ដូចជាក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលមានភាពបុរេសកម្មក្នុងការគាំទ្រ ផ្ដល់កិច្ចសហការ និង អនុវត្តគម្រោង FMIS ឱ្យបានសម្រេចតាមគោលដៅ រហូតដល់បានការទទួលស្គាល់ពីបណ្តាស្ថាប័នអន្តរជាតិ និង ដៃគូអភិវឌ្ឍន៍នានាផងដែរ បើទោះជាស្ថិតនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានគូសរំលេចនូវសមិទ្ធផលសំខាន់ៗក្នុងការអនុវត្តគម្រោង FMIS កន្លងមក រួមមាន៖
១៖ សម្រេចបានការដាក់ឱ្យប្រើប្រាស់មុខងារស្នូលនៃប្រព័ន្ធ FMIS ដែលរួមមាន មុខងារវិភាជន៍ថវិកា, មុខងារទិញ, មុខងារគណនីត្រូវសង, មុខងារគណនីត្រូវទារ, មុខងារគ្រប់គ្រងសាច់ប្រាក់ និង មុខងារសៀវភៅធំ នៅតាមអគ្គ-នាយកដ្ឋានគនឹ្លះៗនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, គ្រប់ក្រសួង-ស្ថាប័ន, គ្រប់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្ដាល, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រតនាគាររាជធានី-ខេត្តទាំង ២៥ និង ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធជាផ្លូវការនៅរដ្ឋបាលរាជធានី-ខេត្តទាំង២៥ នៅដើមឆ្នាំ២០២២ ខាងមុខ
២៖ សម្រេចបានដោយជោគជ័យនូវការតម្រង់ទិសនីតិវិធីថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុងលើមុខសញ្ញាចំណាយដែលមានហានិភ័យទាបនៅក្រសួង-ស្ថាប័នចំនួន ២៧ ពាក់ព័ន្ធនឹងការបើកផ្ដល់បៀវត្ស, ចំណាយបន្ទុកបុគ្គលិក និង ចំណាយទូទាត់ត្រង់មួយចំនួន ដែលជាជំហានចាប់ផ្ដើម, និង កំពុងបន្តបោះជំហាននៅក្នុងគន្លងនៃការតម្រង់ទិសផ្អែកតាមអភិក្រមហានិភ័យពីទាបទៅខ្ពស់ ដែលនេះគឺជាចំណែកនៃការចាប់ផ្ដើមធ្វើបរិវត្តកម្មឌីជីថល តាមរយៈការកាត់បន្ថយឯកសារជាក្រដាស និង ប្រើប្រាស់នូវទិន្នន័យឌីជីថលទាំងស្រុងជាបន្តបន្ទាប់
៣៖ សម្រេចបានការធ្វើសន្ធានកម្មជាមួយប្រព័ន្ធពាក់ព័ន្ធខាងក្រៅជាច្រើនទាំងស្ថាប័នរដ្ឋ និង ឯកជននានា រួមមាន ប្រព័ន្ធអេឡិកត្រូនិចគយ, ប្រព័ន្ធចំណូលពន្ធដារ, ប្រព័ន្ធគ្រប់គ្រងបំណុល, ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើ-ពន្ធ, ប្រព័ន្ធធនាគាររបស់ធនាគារជាតិនៃកម្ពុជា, ប្រព័ន្ធធនាគាររបស់ ធនាគារអេស៊ីលីដា, ធនាគារកាណាឌីយ៉ា, ធនាគារវឌ្ឍនៈ, ធនាគារកម្ពុ, ធនាគារជេត្រាស់រ៉ូយ៉ាល់, ធនាគារស្ថាបនា, ធនាគារជីបម៉ុង, និង ធនាគារអេប៊ីអេ
៤៖ សម្រេចបានការដាក់ឱ្យដំណើរការនូវប្រព័ន្ធទូទាត់អេឡិចត្រូនិក ហៅថា Electronic Fund Transfer ជាមួយធនាគារជាតិនៃកម្ពុជា និង ធនាគារកាណាឌីយ៉ា, ដែលបង្កើនបាននូវល្បឿននៃការបង្វែរសាច់ប្រាក់ជូនអ្នកទទួលផលបានល្អប្រសើរជាងមុន
៥៖ សម្រេចបាននូវការអភិវឌ្ឍ និងដាក់ដំណើរការសាកល្បងរួចរាល់មុខងារបន្ថែមថ្មីចំនួនពីរគឺ មុខងាររៀបចំផែនការថវិកា និង មុខងារលទ្ធកម្មពេញលេញ
៦៖ សម្រេចបាននូវកិច្ចការងារជាច្រើនផ្សេងទៀត សម្រាប់បង្កើនសមត្ថភាពប្រព័ន្ធ និង ពង្រីកការប្រើប្រាស់ប្រព័ន្ធ FMIS ក្នុងជំហានទី៣ ជាបន្តបន្ទាប់។
លោកបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់គ្រប់ក្រសួង-ស្ថាប័ន អង្គភាពដែលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS ឱ្យបន្តខិតខំប្រឹងប្រែងក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS និង ចូលរួមទាញយកប្រយោជន៍ពីប្រព័ន្ធឱ្យអស់សក្តានុពល ព្រមទាំងបន្តចូលរួមអនុវត្តសកម្មភាពគម្រោងជាមួយក្រុមការងារគ្រប់គ្រងគម្រោង ដើម្បីធ្វើយ៉ាងណាឱ្យសម្រេចបាននូវគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់ និងធ្វើទំនើបកម្មប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្ថែមទៀតថា «យើងមិនទាន់ដើរដល់គោលដៅចុងក្រោយរបស់យើងនៅឡើយទេ យើងនៅត្រូវធ្វើដំណើរលើវិថីដ៏វែងឆ្ងាយជាមួយគ្នាបន្តទៀត ក្នុងការបន្តកែសម្រួលនីតិវិធីអនុវត្តការងារនៅខាងក្រៅប្រព័ន្ធ មកចូលក្នុងប្រព័ន្ធ FMIS ទាំងស្រុង, បន្តប្រើប្រាស់មុខងារថ្មីៗបន្ថែមនៃប្រព័ន្ធ FMIS និងបន្តចូលរួមអនុវត្តនូវគម្រោង FMIS ជំហានទី៣ និង ជំហានបន្តបន្ទាប់»៕