(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យអតីតបុគ្គលិកណាហ្គាវើលដ៍ទាំងអស់ បញ្ឈប់បាតុកម្មខុសច្បាប់ ចាប់ពីពេលនេះតទៅ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ សម្រាប់បុណ្យចូលឆ្នាំសកល ឆ្នាំ២០២២ ដែលកំពុងចូលមកដល់។ នេះបើតាមសេចក្តីអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ដូច្នេះថា៖ «ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំសកល ២០២២ ដែលនឹងចូលមកដល់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងថ្ងៃទី០១ ខែមករា ឆ្នាំ២០២២នេះ ក៏ដូចជាដើម្បីបង្កលក្ខណៈដល់បងប្អូន ប្រជាពលរដ្ឋទូទៅ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរកម្សាន្តដោយភាពសប្បាយរីករាយ រដ្ឋបាលរាជធានី ភ្នំពេញ សូមអំពាវនាវដល់ក្រុមបាតុករទាំងអស់ ត្រូវបញ្ឈប់សកម្មភាពតវ៉ាដោយខុសច្បាប់ចាប់ពីពេលនេះតទៅ សំដៅធ្វើយ៉ាងណារក្សាបាននូវសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ»

រដ្ឋបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា ចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ អតីតកម្មករនិយោជិត នៃក្រុមហ៊ុនណាហ្គាវើលដ៏ ដឹកនាំដោយ កញ្ញា ឈឹម ស៊ីថរ និងគូកន បានធ្វើសកម្មភាពសម្ដែង មតិដោយខុសច្បាប់ នៅលើសួនច្បារសាធារណៈ និងនៅតាមដងផ្លូវសាធារណៈ ព្រមទាំងបានបិទផ្លូវច្រកចេញចូលរបស់ក្រុមហ៊ុនឯកជនថែមទៀតផង ដែលសកម្មភាពនេះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ និងសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន ជាពិសេសពុំបាន ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បើទោះបីជាមានការខិតខំសម្របសម្រួល រកដំណោះស្រាយជាបន្តបន្ទាប់ ទាំងនៅថ្នាក់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈយ៉ាងណាក្តី។

ជាមួយនឹងការអំពាវនាវឱ្យបញ្ឈប់បាតុកម្មរ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញក្តីសង្ឃឹមជឿជាក់ថា សហជីព និងក្រុមបាតុករទាំងអស់ នឹងចូលរួមអនុវត្តតាម ការអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញ ប្រកបដោយស្មារតីទទួលខុសត្រូវ និងចូលរួមអនុវត្តច្បាប់ឱ្យមាន ប្រសិទ្ធភាពខ្ពស់៕

ខាងក្រោមនេះជាសេចក្តីអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញ៖