(ភ្នំពេញ)៖ បន្ទាប់ពីអតីតនិស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅបរទេសចំនួន២៤រូប នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញ បានចេញលិខិតចំហមួយរួចហើយនោះ ក៏មាននិស្សិតចំនួន៥រូបទៀតនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះបានផ្ញើលិខិតចំហផងដែរ ទៅលោក សម រង្ស៊ី ដែលពួកគេហៅថា ជាអ្នកនយោបាយចាស់វស្សា ធ្វើការកែតម្រូវ និងសុំទោសជាសាធារណៈ ចំពោះការវាយតម្លៃដោយគ្មានភស្តុតាងលើគុណភាព នៃសញ្ញាបត្រក្រៅប្រទេសរបស់ពលរដ្ឋកម្ពុជា។ បើតាមលិខិតចំហ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
លិខិតចំហរបស់អតីតនិស្សិត ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅបរទេស បានធ្វើឡើងបន្ទាប់ពីនៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុអាស៉ីសេរី និងហ្វេសប៊ុក លោក សម រង្ស៊ី នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ លើកឡើងអំពីសញ្ញាបត្រប្រភេទទីពីរ ឬសញ្ញាបត្រយោគយល់ ចំពោះអ្នកសិក្សានៅបរទេស។
លិខិតចំហ ដែលផ្ញើទៅលោក សម រង្ស៉ី បានបញ្ជាក់យ៉ាងដូច្នេះ «យើងខ្ញុំទាំងអស់គ្នាជាអតីតនិស្សិត ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅបរទេស សូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះការលើកឡើងជាសាធារណៈរបស់លោក សម រង្ស៉ី អំពីសញ្ញាបត្រប្រភេទទីពីរ ឬសញ្ញាបត្រយោគយល់ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កត្តិយស សេចក្តីថ្លៃថ្នូរ និងកិច្ចខិតខំប្រឹងប្រែងរបស់យើងខ្ញុំទាំងអស់គ្នា ដើម្បីទទួលបានសញ្ញាបត្រកម្រិតនេះ។ ក្នុងន័យនេះដែរ ការលើកឡើងនេះជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់គុណភាពសិក្សានៃប្រព័ន្ធអប់រំកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំ និងបញ្ញាវ័ន្តកម្ពុជា ដែលបានរួមចំណែកខិតខំអភិវឌ្ឍធនធានមនុស្ស និងធនធានបញ្ញាជាតិដើម្បីលើកស្ទួយកិត្តិសព្ទមាតុភូមិយើង នៅលើឆាកអន្តរជាតិ»។
លិខិតដដែលបន្ថែមថា «ស្របពេលជាមួយជាមួយគ្នាដែរ យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសារ ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត ដែលបានលើកឡើងនៅទំព័រហ្វេប៊ុកផ្លូវការ របស់ឯកឧត្តមកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដែលបានស្នើអ្នកនយោបាយខាងលើ បញ្ជាក់ពីអំណៈអំណាង ដើម្បីផ្តល់យុត្តិធម៌ជូននិស្សិតកម្ពុជាទាំងអស់ ដែលបានបញ្ចប់ការសិក្សាគ្រប់កម្រិតនៅបរទេស»។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន បានចេញសារពិសេសមួយជាថ្មីម្តងទៀតផ្ញើជូន លោក សម រង្ស៉ី អ្នកនយោបាយចាស់វស្សា ដើម្បីឱ្យបញ្ជាក់ភស្តុតាង និងបបួលភ្នាល់ជុំវិញការព្យាយាមបង្ខូចកិត្តិយសសញ្ញាបត្រសាលាបណ្ឌិតសភាយោធាអាមេរិក។
រហូតដល់រសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ លោក សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់ នៅតែមិនទាន់បង្ហាញប្រតិកម្មណាមួយចំពោះការបបួលភ្នាល់របស់លោក ហ៊ុន ម៉ាណែត នោះឡើយ។
លោក ហ៊ុន ម៉ាណែត ជាពលរដ្ឋកម្ពុជា ដែលមានការសិក្សាកម្រិតខ្ពស់នៅបរទេស គឺនៅឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៩ លោក ហ៊ុន ម៉ាណែត បានសិក្សានៅសាលាបណ្ឌិតយោធា នៅទីក្រុង West Point សហរដ្ឋអាមេរិក ដោយទទួលបានសញ្ញាបត្រនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៩៩។ លោក ហ៊ុន ម៉ាណែត ជាជនជាតិកម្ពុជាដំបូងគេ ដែលបានចូលរៀននៅសាលា West Point ដ៏ល្បីមួយនេះ។
នៅឆ្នាំ២០០២ លោក ហ៊ុន ម៉ាណែត ក៏ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងនៅឆ្នាំ២០០៨ ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេសផងដែរ៕