(ភ្នំពេញ)៖ ប្រសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា លោកស្រី Noeleen Heyzer បានបង្ហាញបំណងសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងការដោះស្រាយវិបត្តិនៅ ប្រទេសមីយ៉ាន់ម៉ា ដោយសន្តិវិធី។
ការបញ្ជាក់ពីបំណងរបស់លោកស្រីប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ បានបញ្ជាក់យ៉ាងដូច្នេះ «លោកស្រីបណ្ឌិត Noeleen Heyzer បានអបអរសាទរកម្ពុជាដែលបានទទួលតួនាទីជាប្រធាន អាស៊ាន ឆ្នាំ២០២២ និងជាប្រេសិតពិសេសលើកិច្ចការមីយ៉ាន់ម៉ា។ លោកស្រីបណ្ឌិត Noeleen Heyzer បានសម្តែងនូវបំណងសហការជិតស្និទ្ធជាមួយកម្ពុជា ក្នុងការគាំទ្រឱ្យមានដំណោះស្រាយតាមសន្តិវិធី ចំពោះវិបត្តិនាពេលបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា»។
បើតាមសេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា នៅក្នុងជំនួបដ៏មានសារៈសំខាន់នោះ លោកឧបនាយករដ្ឋមន្រ្តីបានសម្តែងការអបអរសាទរ និងបញ្ជាក់ពីការត្រៀមខ្លួនសហការជាមួយលោកស្រីបណ្ឌិត Noeleen Heyzer ក្នុងការអនុវត្តតួនាទីរបស់លោកស្រី។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការប្រកាន់យកវិធីសាស្រ្តស្របតាមការណ៍ជាក់ស្តែង និងជាជំហានៗ សំដៅសម្រេចបាននូវវឌ្ឍនភាព ក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ពីការត្រៀមរាយការណ៍ជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពីវឌ្ឍនភាពការងារក្នុងនាមជាប្រេសិតពិសេស ដូចបានធ្វើកន្លងមកហើយដោយ លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម ដែលជាប្រេសិតពិសេសរបស់ប្រធានអាស៊ានមុន។
ក្នុងជំនួបនេះ លោក ប្រាក់ សុខុន និងលោកស្រីបណ្ឌិត Noeleen Heyzer បានឯកភាពគ្នាថា ដំណើរការនយោបាយណាមួយក៏ដោយដើម្បីឆ្ពោះទៅបញ្ចប់អំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវតែដឹកនាំដោយមីយ៉ាន់ម៉ា និងជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ាខ្លួនឯង ទើបអាចសម្រេចបានជោគជ័យ។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់បន្ទាន់នៃកិច្ចសហប្រតិបតិ្តការ ដើម្បីធានាការបញ្ជូនឱ្យបានឆាប់រហ័ស និងដោយសុវត្ថិភាពនូវជំនួយមនុស្សធម៌ សម្រាប់ប្រជាជនដែលកំពុងខ្វះខាតបំផុត រួមទាំងការចាក់វ៉ាក់សាំងដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩។
ពាក់ព័ន្ធនឹងបញ្ហានៅមីយ៉ាន់ម៉ានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយរបស់មីយ៉ាន់ម៉ា ហើយនាំយកមីយ៉ាន់ម៉ាមកកាន់អាស៊ានឡើងវិញ។ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅកាន់មីយ៉ាន់ម៉ា នៅថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២ខាងមុខនេះ៕