(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត នឹងរៀបចំសន្និសីទសារព័ត៌មានមួយ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ បន្ទាប់ពីមកដល់ទឹកដីកម្ពុជា នៅវេលាម៉ោង១១៖៣០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ក្នុងគោលបំណងជម្រាបជូនអំពីលទ្ធផល ជុំវិញដំណើរទស្សនកិច្ចរបស់លោក ទៅកាន់សហរដ្ឋអាមេរិក និងប្រទេសកាណាដា។
សូមជំរាបថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត បុត្រាច្បងរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីស្វែងរកការបង្រួបបង្រួមរវាង ជាតិសាសន៍ខ្មែរ នៅក្រៅប្រទេសត្រូវគេឃើញថា បានទទួលការគាំទ្រគួរកត់សម្គាល់ ក្នុងគ្រាដែលប្រជាពលរដ្ឋខ្មែរមួយចំនួនតូចនៅក្រៅប្រទេសនោះ បានធ្វើការប្រឆាំងតវ៉ាក៏ដោយ។ លោក ហ៊ុន ម៉ាណែត បានធ្វើដំណើរឆ្លងកាត់ទ្វីបចំនួន៣ ក្នុងរយៈពេលមិនដល់មួយឆ្នាំផងនោះទេ ដើម្បីជួបប្រជាពលរដ្ឋខ្មែរជាច្រើនពាន់នាក់។ ដែលដំណើរចុងក្រោយនេះគឺបានបញ្ចប់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលផ្ទុយពីការផ្សាយ មួយចំនួនដែលលើកឡើងថា លោក ហ៊ុន ម៉ាណែត ត្រូវអាជ្ញាធរអាមេរិក ឃាត់សួរនាំពាក់ព័ន្ធនឹងករណីចោទប្រើអំពើហិង្សា ឬករណីចោទ ទៅតុលាការ ICC នោះទេ។
ដំណើរស្វែងរកការបង្រួបបង្រួមជាតិដោយ លោក ហ៊ុន ម៉ាណែត ត្រូវគេឃើញថា បានក្លាយជាដំណើរជាប្រវត្តិសាស្ត្រប្រកបដោយជោគជ័យ ដើម្បីកុំឲ្យខ្មែរ ឈ្លោះប្រកែកគ្នា និងងាកមករួបរួមសាមគ្គីភាពគ្នា នៅក្រៅប្រទេសនោះ៕