(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃលោក Banharn Silpa-archa បានទទួលមរណភាពដោយជំងឺហឺត នៅព្រឹកថ្ងៃសៅរ៍នេះ ក្នុងជន្មាយុ ៨៣ឆ្នាំ។ នេះបើតាមការចេញផ្សាយមុននេះបន្តិចដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០១៦។
លោក Banharn ត្រូវបានមន្ទីរពេទ្យសិរីរាជ នៅទីក្រុងបាងកកប្រកាសពីមរណភាព នៅព្រឹកថ្ងៃសៅរ៍ នេះបន្ទាប់ពីលោកបាន ទទួលរងអការៈធ្ងន់ធ្ងរដោយសារជំងឺហឺត ចាប់តាំងពីថ្ងៃព្រហស្បតិ៍ មកម្ល៉េះ។ លោក Banharn មានកូនចំនួនបីនាក់ ដែលក្នុងនោះក៏មានលោកស្រី Kanchana Silpa-acha និងលោក Warawut Silpa-acha ដែលធ្លាប់ជាសមាជិកគណរដ្ឋមន្ត្រីផងដែរ។
គួរបញ្ជាក់ថាលោក Banharn គឺជាអតីតនាយករដ្ឋមន្ត្រីថៃទី ២១ ដែលបានឈ្នះឆ្នោតឡើងកាន់ តំណែងកាលពីឆ្នាំ ១៩៩៥។ លោកជាសមាជិកគណបក្សជាតិថៃ ដែលមានប្រភពមកពីខេត្ត សុផាន់បុរី ចម្ងាយ ១០០គីឡូម៉ែត្រនៃភាគពាយ័ព្យទីក្រុងបាងកក៕