(ប៉ាណាម៉ា)៖ រដ្ឋាភិបាលប៉ាណាម៉ា បានចុះធ្វើការឆែកឆេនៅក្រុមហ៊ុន Mossack Fonseca ជា ក្រុមហ៊ុនមួយដែលត្រូវអន្តរជាតិចាត់ទុកថា ជាចំណុចស្នូលនៃការលាក់កំបាំង ទិន្នន័យហិរញ្ញវត្ថុសម្ងាត់ របស់បណ្តាបុគ្គល និងអ្នកនយោបាយល្បីៗរបស់ពិភពលោក ហើយក្នុងនោះប៉ូលិសបានរឹបអូស កាបូប ដែលផ្ទុកឯកសារជាច្រើនទុកជាភស្តុតាងថែមទៀតផង។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០១៦។
លោក Javier Caraballo មន្ត្រីមានសមត្ថកិច្ចរបស់ប៉ាណាម៉ា ដែលដឹកនាំការចុះឆែកឆេខាងលើ បានថ្លែងដូច្នេះថា «យើងបានធ្វើការចុះឆែកឆេ និង រឹបអូសឯកសារជាច្រើន មករក្សាទុកដោយសុវត្ថិភាពហើយ។ យើងបានរកឃើញក្រដាសដែលត្រូវបានកម្ទេច ជាបំណែកតូចៗជាច្រើន ដែលពួកវាអាចនឹងក្លាយជា ភស្តុតាងសំខាន់សម្រាប់យើង»។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនច្បាប់ Mossack Fonseca ឯកសារដែលត្រូវបានកម្ទេច ទាំងនោះមិនមានជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតនេះឡើយ ហើយឯកសារទាំងឡាយដែលសមត្ថកិច្ច ត្រូវការនោះ ខ្លួនបានបញ្ជូនទៅកាន់តុលាការរួចរាល់ហើយដែរ។
គួរបញ្ជាក់ថាលារបែកធ្លាយ Panama Papers នោះបានបង្កជាក្តីអាម៉ាស់យ៉ាងធំធេង ជាពិសេសទៅលើអ្នកនយោបាយ ដែលមួយចំនួនទៅហើយ បានលាលែចេញពីតំណែង និងខ្លះទៀតកំពុងប្រឈមមុខនឹងការចោទប្រកាន់នានា ពាក់ព័ន្ធនឹងការលួចរកស៊ី ជាមួយក្រុមហ៊ុន តាមដែនសមុទ្រ៕