(ព្រះវិហារ)៖ អ្នកទោសចំនួន៤៥០នាក់ដែលកំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារខេត្តព្រះវិហារ បានទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ដើម្បីការពារជំងឺកូវីដ-១៩។
លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងប្រាប់ឲ្យដឹងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះថា មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ជូនអ្នកទោសកំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារខេត្តចំនួន ៤៥០នាក់។
លោកប្រធានមន្ទីរបានថ្លែងបញ្ជាក់ទៀតថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សឹងគ្រប់ៗគ្នា។ ដោយឡែក អ្នកទោសដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារខេត្ត បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ និងដូសទី២ បានគ្រប់ដូស។
លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ ទៅចាក់វ៉ាក់សាំងដូសទី៣ នៅតាមទីតាំងដែលក្រុមការងារបានកំណត់។ ចំណែកពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមទៅចាក់នៅតាមមន្ទីរពេទ្យ។
ជាមួយគ្នានេះ ត្រូវបន្តការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តន៍ឲ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរាជរដ្ឋាភិបាល «៣កុំនិង៣ការពារ»៕