(កំពង់ស្ពឺ)៖ កម្លាំងចម្រុះដឹកនាំដោយលោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បានចុះរុសរើខ្ទមសង់លើដីសម្បទានសេដ្ឋកិច្ច អេច អិល អេច ក្នុងភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កងកម្លាំងចំរុះមានចំនួន៣៥០នាក់ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានរុះរើខ្ទមសង់ខុសច្បាប់ចំនួន៨៥ខ្ទម ខណៈអាជ្ញាធរភូមិ-ឃុំបានធ្វើការអប់រំបងប្អូន ប្រជាពលរដ្ឋមិនចង់មានការតវ៉ា ដោយអាជ្ញាធរបានប្រាប់ពួកគាត់ ពិតជាមករស់នៅលើដីមានកម្មសិទ្ធិជាដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន។
លោកអភិបាលរងបញ្ជាក់ថា ប្រជាពលរដ្ឋដែលមកចាប់ដីសម្បទានរបស់ក្រុមហ៊ុនទាំអស់ គឺមកពីខេត្តផ្សេងៗមិនមានពលរដ្ឋក្នុងមូលដ្ឋានឡើយ។ ជាក់ស្តែងក្រុមហ៊ុនអេចអិលអេច អាហ្រ្គីខ័លឈ័រ ខេមបូឌា ឯ.ក (HLH Agriculture (Cambodia) Co.,Ltd) បានធ្វើវិនិយោគលើវិស័យកសិកម្មចម្រុះ និងផលិតម្សៅដំទ្បូងមីនាំចេញទៅក្រៅប្រទេស បានជួយឲ្យប្រជាពលរដ្ឋក្នុងស្រុកឲ្យការងារធ្វើរាប់ពាន់នាក់៕