Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រញ្ជួយដីកម្រិតមធ្យមវាយប្រហារ អេក្វាទ័របន្ថែមទៀត ស្របពេលយូអិន ប្រកាសផ្តល់ជំនួយ ៧២,៧ លានដុល្លារ

23-04-2016 10:15

(អេក្វាទ័រ)៖ គ្រោះធម្មជាតិរញ្ជួយផែនដីកម្រិត ៥,៨រ៉ិចទ័របានវាយប្រហារ តំបន់ភាគខាងលិច ចម្ងាយ ២៦ គីឡូម៉ែត្រពីទីក្រុង Muisne  ដែលធ្លាប់ទទួលរងគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧,៨ កាលពីសប្តាហ៍មុន ប៉ុន្តែគេនៅមិនទាន់ដឹងពីការខូចខាត ឬក៏ការបង្កគ្រោះថ្នាក់ ដល់មនុស្សណាម្នាក់ឡើយ។ នេះបើតាមការ ចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០១៦។

ក្រៅពីការរញ្ជួយដីម្តងហើយម្តងទៀតនោះ ចំនួនមនុស្សស្លាប់ដែលបានបង្កឡើងដោយគ្រោះរញ្ជួយដី លើកទីមួយនោះ ក៏បានកើនឡើងដល់ ៦០២នាក់ផងដែរ ស្របពេលដែលមនុស្សជិត ៥,៤០០នាក់រងរបួស និង១៣០នាក់ផ្សេងទៀតបន្តបាត់ខ្លួននៅឡើយ។ បន្ថែមពីនេះទៀត ប្រជាជន ២៦,០៩១នាក់ កំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន បន្ទាប់ពីអគារ ៦,៩៩៨ រងការបំផ្លាញទាំងស្រុង និង ២,៧៤០ រងការខូចខាត។

គួរបញ្ជាក់ថា​ នៅថ្ងៃសុក្រសប្តាហ៍នេះអង្គការសហប្រជាជាតិ បានសម្រេចផ្តល់ប្រាក់ជំនួយសង្គ្រោះ ៧២,៧លានដុល្លារអាមេរិក ដល់ប្រទេសអេក្វាទ័រ ដើម្បីជួយសង្គ្រោះប្រជាជន ៣៥០,០០០នាក់ ដែលកំពុងត្រូវការជំនួយជាបន្ទាន់៕