(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាន គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ដែលផ្តល់ឲ្យកម្ពុជាតាមរយៈ មូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (The Economic Development Cooperation Fund-EDCF) ដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការរបស់សាធារណរដ្ឋកូរ៉េ។
សេចក្តីប្រកាសព័ត៌មានរបស់ EDCF បញ្ជាក់ថា គម្រោងផ្លូវនេះមានប្រវែងសរុប១៤៨គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកោះកុង ចាប់ផ្តើមពីចំណុចប្រសព្វផ្លូវជាតិលេខ៤ (ភូមិអូរជ្រៅ) ឃុំបឹងព្រៀវ ស្រុកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ផ្លូវនេះជាកំណាត់ផ្លូវអាស៊ានលេខ១២៣ (ASEAN Highway No.123) ដែលលាតសន្ធឹងពីសាធារណរដ្ឋសង្គមនិយមវៀតណាម និងបញ្ចប់ នៅព្រះរាជាណាចក្រថៃ។
តម្លៃគម្រោងសរុបដែលគ្រោងទុកសម្រាប់លើកកម្រិតផ្លូវជាតិលេខ៤៨នេះ គឺមានចំនួន ១០០.៦៨៦.០០០ ដុល្លារអាមេរិក ដែលកម្ចីរបស់មូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan) មានទឹកប្រាក់សរុបចំនួន ៨៧.៤៣៤.០០០ ដុល្លារអាមេរិកនៃគម្រោងសរុប។ ធនាគារនិហរ័ណ-អាហរ័ណកូរ៉េ ជាអ្នកទទួលខុសត្រូវលើប្រតិបត្តិការ កម្ចីរបស់មូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan) តំណាងឲ្យរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉ ហើយធនាគារនិហរ័ណ-អាហរ័ណកូរ៉េ នឹងផ្តល់ហិរញ្ញប្បទាន សម្រាប់ការសិក្សា ការត្រួតពិនិត្យគម្រោង និងសម្រាប់ការសាងសង់ ខណៈរាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើបដិភាគថវិកាសម្រាប់ការងារ ដោះស្រាយផលប៉ះពាល់ ការដោះមីន និងគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការគ្រប់គ្រងគម្រោង និងពន្ធអាករ។
ឆ្លងតាមរយៈការដេញថ្លៃ ក្រុមហ៊ុន Korea Consultants International (KCI) and Korea Engineering Consultant Corp Joint Venture (KECC) ត្រូវបានជ្រើសរើសជាទីប្រឹក្សាបច្ចេកទេសគម្រោង និង សម្ព័ន្ធក្រុមហ៊ុន (Ilsung-Hanil Joint Venture) ត្រូវបានជ្រើសរើសជាក្រុមហ៊ុនសាងសង់។
គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ គ្រោងចំណាយពេលសាងសង់ចំនួន៣២ខែ គិតចាប់ផ្តើមពី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។
បន្ទាប់ពីបញ្ចប់ការសាងសង់រួច ផ្លូវជាតិលេខ ៤៨នេះ នឹងមានមុខងារសំខាន់ៗដូចជា៖ សរសៃឈាមសេដ្ឋកិច្ចដ៏មានសក្កានុពល ក្នុងការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មផ្ទៃក្នុងនិងក្នុងតំបន់ ជំរុញការដោះដូរពាណិជ្ជកម្ម ជាមួយប្រទេសជិតខាងជាប់ព្រំប្រទល់ លើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ តាមរបៀងឆ្នេរសមុទ្រ និងធ្វើឱ្យប្រសើរឡើង សុវត្ថិភាពចរាចរណ៍របស់ប្រជាពលរដ្ឋ។ ដូច្នេះគម្រោងនេះ នឹងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ កាត់បន្ថយពេលវេលា និងតម្លៃដឹកជញ្ជូន និងរួមចំណែកដល់ការតភ្ជាប់បណ្តាញដឹកជញ្ជូនជាតិ។
យោងតាមការិយាល័យធនាគារនិហរ័ណ-អាហរ័ណកូរ៉េប្រចាំរាជធានីភ្នំពេញ ដែលទទួលបន្ទុកប្រតិបត្តិការមូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ គឺជាគម្រោងមួយក្នុងចំណោមគម្រោងមូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ទាំង ១២ ដែលនៅក្រោមក្រសួងសាធារណការ និងដឹកជញ្ចូន។
គិតចាប់ឆ្នាំ២០០១ រហូតមកដល់បំណាច់ឆ្នាំ២០២១ សាធារណរដ្ឋកូរ៉េ បានផ្តល់ហិរញ្ញប្បទានសម្បទាន ដល់កម្ពុជា តាមរយៈ មូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ចំនួន ៣០ គម្រោង គិតជាទឹកប្រាក់សរុបចំនួន ១,២ ពាន់លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍វិស័យសំខាន់ៗមានដូចជា វិស័យដឹកជញ្ចូន វិស័យធនធានទឹក វិស័យគ្រប់គ្រងទឹកកខ្វក់ វិស័យសុខាភិបាល វិស័យអប់រំ វិស័យអភិបាលកិច្ច និងការឆ្លើយតបបន្ទាន់ទៅនឹង ជំងឺឆ្លងកាចសាហាវ (Covid-19)។
សាធារណរដ្ឋកូរ៉េ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត ហើយនឹងពង្រីកជំនួយទៅលើវិស័យដទៃទៀត មានដូចជា វិស័យថាមពល វិស័យកសិកម្ម និងវិស័យទូរគមនាគមន៍ និងគម្រោងជាច្រើនទៀត៕