(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងភរិយា បានផ្ញើសាររំលែកទុក្ខជូនដល់ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកស្រី គឹង ចាន់ឌី ចំពោះមរណភាពរបស់មហាឧបាសក ផឹង គឹង ដែលត្រូវជាឪពុកក្មេករបស់ទេសរដ្ឋមន្ត្រី គន់ គីម។ នេះបើយោងតាមសាររំលែកទុក្ខ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានរំលែកទុក្ខយ៉ាងដូច្នេះថា៖ «ខ្ញុំ និងភរិយាមានសេចក្តីរន្ធត់ឥតឧបមា និងសោកស្តាយជាទីបំផុត ដោយបានទទួលដំណឹងដ៏ក្រៀមក្រំ អំពីមរណភាព របស់មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ នឹង គឹង ដែលត្រូវជាឪពុកក្មេក និងឪពុករបស់ ឯកឧត្តម និង លោកជំទាវ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅវេលាម៉ោង ០១៖៤៥នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ»។
មរណភាពរបស់មហាឧបាសក ផឹង គឹង គឺជាការបាត់បង់នូវឪពុកក្មេក ឪពុក និងជីតា ជាទីគោរពស្រឡាញ់បំផុត របស់លោកទេសរដ្ឋមន្ត្រី និងលោកស្រី ដែលបានចិញ្ចឹមបីបាច់ថែរក្សាអប់រំទូន្មានកូនចៅ ប្រកបដោយព្រហ្មវិហារធម៌ និងគុណធម៌។ មហាឧបាសក ផឹង គឹង បានរួមចំណែក ក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា តាមរយៈសន្ធាជ្រះថ្លាបរិច្ចាគរបស់មហាឧបាសក។
ក្នុងឱកាសដ៏សែនសង្វេគនេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងភរិយា សូមចូលរួមចែករំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុតជាមួយលោកទេសរដ្ឋមន្ត្រី និងលោកស្រី ព្រមទាំងក្រុមគ្រួសារទាំងអស់នៃសព និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ សូមឱ្យដួងវិញ្ញាណក្ខន្ធមហាឧបាសក ផឹង គឹង បានទៅកាន់សុគតិភពជានិច្ចនិរន្ត កុំបីឃ្លៀងឃ្លាតឡើយ៕