(ភ្នំពេញ)៖ លោក គន់ គីម ទេសរដ្ឋមន្ដ្រី និងក្រុមគ្រួសារទាំងមូល បានផ្ញើលិខិតគោរពថ្លែងអំណរគុណជូនសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រោយសម្ដេចចូលរួមរំលែកទុក្ខចំពោះមរណភាព មហាឧបាសក ផឹង គឹង ដែលត្រូវជាឪពុកក្មេករបស់លោក។ នេះបើតាមលិខិតថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។
លិខិតថ្លែងអំណរគុណ ទេសរដ្ឋមន្ដ្រី គន់ គីម បានលើកឡើងថា «ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារនៃសព មហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ សូមគោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់ឪពុក ជីតា ជីតាទួត ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃរបស់ខ្ញុំបាទ និងក្រុមគ្រួសារ។
កាយវិការដ៏ប្រពៃខាងលើនេះ ជាកម្លាំងចិត្តដ៏មានសារៈសំខាន់ ដែលស្តែងឱ្យឃើញនូវសមានចិត្តស្រឡាញ់ គោរពរាប់អានដ៏ជ្រាលជ្រៅរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះសព មហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង និងក្រុមគ្រួសាររបស់យើងខ្ញុំ។
ជាថ្មីម្តងទៀត ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារនៃសព មហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង សូមគោរពថ្លែងអំណរគុណ និងសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបានសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារនៃសព»។
សូមជម្រាបថា មហាឧបាសក ផឹង គឹង ដែលត្រូវជាឪពុកក្មេក ទេសរដ្ឋមន្ដ្រី គន់ គីម បានទទួលមរណភាពនៅវេលាម៉ោង១៖៤៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៩២ឆ្នាំ ដោយរោគាពាធ៕