(ភ្នំពេញ)៖ គិតមកដល់ចុងឆ្នាំ២០២១នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបានចំនួន ៦ ៤១៥ ៣១១ បណ្ណ ស្មើនឹង៩១.៦% នៃចំនួនក្បាលដីប៉ាន់ស្មានដំបូង ៧លានក្បាលដី ដែលលើសផែនការ ១.៦% ធៀបនឹងសូចនាករដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្ររបស់ក្រសួង។ នេះបើយោងតាម របាយការណ៍សង្ខេបលទ្ធផលនៃការអនុវត្តផែនការឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ក្រសួងរៀបចំដែនដី ដែលព័ត៌មាន Fresh News ទទួលបាន នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ។

នៅក្នុងរបាយការណ៍នេះ បានឱ្យដឹងទៀតថា សម្រាប់ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសម្រេចបាន ៧៩១ ៧៦១បណ្ណ និងចែកបណ្ណបានចំនួន ៥ ៣២៩ ១៥៣បណ្ណ (សម្បទានដីសង្គមកិច្ចចំនួន ១៧ ៩៩៣បណ្ណ) និងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំសម្រេចបាន ៦២៣ ៥៥០បណ្ណ ក្នុងនោះដីរដ្ឋបាន ១៨៩ទីតាំង ចំនួន២ ១០៤បណ្ណ ទំហំ៩០៧ ៤៩៣ហិកតា ដីឯកជនរបស់បុគ្គលឯកជន បាន ៦២០ ៥៩០បណ្ណ និងដីសហគមន៍ ជនជាតិដើមភាគតិចបាន ៣៣សហគមន៍ ស្មើនឹង ៨៥៦បណ្ណ ទំហំ៣៣ ៨៩៩ហិកតា សម្រាប់ ៣ ២៣៥គ្រួសារ។

ដោយឡែកការចុះបញ្ជីដីគរុភណ្ឌវត្តបានចំនួន ១ ៩៣៦វត្ត ស្មើនឹង ២ ៤០៤បណ្ណ (ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបាន ២ ០៨៥បណ្ណ និងដាច់ដោយដុំ បានចំនួន ៣១៩បណ្ណ)។

សូមបញ្ជាក់ថា នៅក្នុងកម្មពិធី «សម្ពោធទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្តេជ្ញាចិត្តបន្តខិតខំចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបាន១០០% នៅឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលជាទុនផ្តល់ដោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ សម្រាប់រស់នៅ ដាំដុះ និងវិនិយោគ ដើម្បីបង្កើតមុខរបរបង្កើនប្រាក់ ចំណូល រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានបន្ថែមថា ក្រសួងក៏បានខិតខំដោះស្រាយវិវាទដីធ្លីគ្រប់រូបភាពបានសរុប ១០,៦៣៤ ករណី កំពុងដោះស្រាយ ៣ ១៤៨ ករណី។ អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី កំពុងបន្តដោះស្រាយវិវាទនៅខេត្តកោះកុង ដែលនឹងឈានដល់ការស្រុះស្រួលបញ្ចប់នៅក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ៕