(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន មិនអនុញ្ញាតឱ្យរថយន្តគ្រប់ប្រភេទដែលបានកែចង្កូតពីស្តាំមកឆ្វេង នៅតាមយានដ្ឋានដែលគ្មានច្បាប់អនុញ្ញាត ឱ្យធ្វើអាជីវកម្ម ចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងចុះបញ្ជីផ្តល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះឱ្យឡើយ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការកែចង្កូតរថយន្តពីស្តាំមកឆ្វេង នៅតាមយានដ្ឋានគ្មានច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្ម។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា ថ្មីៗនេះមានម្ចាស់ យានដ្ឋានមួយចំនួនដែលពុំមានច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្ម បានធ្វើការកែចង្កូតរថយន្តពីស្តាំមកឆ្វេង ដែលសកម្មភាពនេះផ្ទុយនឹងអនុក្រឹត្យ លេខ ១៨០ អនក្រ.បក ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៨ ស្តីពីការគ្រប់គ្រងយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ត និងប្រកាសលេខ ០៦៨ ប្រក.សក ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០០៩ ស្ដីពីសំណុំបែបបទសម្រាប់ដាក់ពាក្យសុំធ្វើអាជីវកម្មយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ត។
សកម្មភាពកែចង្កូតរថយន្តពីស្តាំមកឆ្វេង នៅតាមយានដ្ឋានទាំងនោះ ពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលអាចបណ្តាលឱ្យរថយន្តបើកបរពុំមានសុវត្ថិភាព និងបង្កគ្រោះថ្នាក់ជាយថាហេតុនៅពេលធ្វើចរាចរណ៍លើផ្លូវថ្នល់។
នៅក្នុងសេចក្តីជូនដំណឹងនេះបានបញ្ជាក់ទៀតថា កន្លងមកក្រសួងបានទទួលស្គាល់ និងអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៨ ធ្វើអាជីវកម្មកែចង្កូតរថយន្តពីស្តាំមកឆ្វេង រួមមាន៖
ក្រុមហ៊ុន Fuji Form Co.,Ltd, ក្រុមហ៊ុន Lien Thong Investment Group Co.,Ltd, ក្រុមហ៊ុន S.T.P International(Cambodia)Public Co.,Ltd, ក្រុមហ៊ុន Seconimex Co.,Ltd, ក្រុមហ៊ុន សុវណ្ណយន្ត(SOVANN YAUN Co.,Ltd), ប៉ាស្ទ័រមានជ័យ, ក្រុមហ៊ុន ភី.អ.វ៉ាយ គួបិល ឯ.ក និងក្រុមហ៊ុន ប៉ាវ គឹមស៊ាង៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖